(ភ្នំពេញ)៖ នៅថ្ងៃរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះរឿងក្តីក្តាំរវាងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី ដែលបានប្តឹងវិទ្យុអាស៊ីសេរី ជុំវិញការ បញ្ឈប់ ពីការងារដោយមិនមានមូលហេតុ, ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឲ្យភាគីដើមបណ្តឹង គឺអ្នកស្រី អ៊ុក សាវបូរី ជាអ្នកឈ្នះ នេះបើយោងតាមមេធាវី លី ច័ន្ទតុលា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

លោកមេធាវី លី ច័ន្ទតុលា បានឲ្យដឹងបន្ថែមទៀតថា នៅក្នុងរឿងក្តីនេះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យចុងចម្លើយដូចជា៖
ក. បង្គាប់ឲ្យយចុងចម្លើយសងប្រាក់ចំនូន ២៦,០១៩.២៣ ដុល្លារអាមេរិក
ខ. បង្គាប់ឲ្យយចុងចម្លើយសងសំណងការខូចខាត និងសេវាផ្លូវច្បាប់ជាប្រាក់ចំនួន ២,០០០ដុល្លារអាមេរិក។ ការទាមទារលើសពីនេះត្រូវច្រានចោល
គ. ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ

សូមជំរាបថា នាពេលកន្លងទៅអតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី ដែលមានវ័យប្រមាណ៥៦ឆ្នាំ បានសម្រេចចិត្តដាក់ពាក្យប្តឹងវិទ្យុអាស៊ីសេរី (RFA) ដែលមានតំណាង លោក ស៊ុ សុខរី (ជី វិតា) ជុំវិញការបញ្ឈប់អ្នកស្រីពីការងារ ដោយមិនមានមូលហេតុសមរម្យ។ អ្នកស្រីបានប្តឹងទាមទារ សំណង់ជំងឺចិត្តប្រមាណជាង ២៦,០១៩.២៣ ដុល្លារសហរដ្ឋអាមេរិក។

តុលាការក្រុងភ្នំពេញ នាពេលកន្លងទៅក៏បានចេញដីកាកោះហៅ លោក ស៊ុ សុខរី (ជី វិតា) តំណាងវិទ្យុអាស៊ីសេរី ដើម្បីចូលបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ផងដែរ ប៉ុន្តែពេលនោះចុងចោទបានសុំពន្យារពេល ក្នុងការចូលបំភ្លឺនេះវិញ ក្រោមមូលហេតុមិនទាន់មានមេធាវីដើម្បីការការពារសិទ្ធិរបស់ខ្លួន។

ទន្ទឹមគ្នានឹង តុលាការក្រុងភ្នំពេញ បានសម្រេចឱ្យគូភាគីក្នុងសំណុំរឿង អ្នកស្រី អ៊ុក សាវបូរី និង តំណាងវិទ្យុអាស៊ីសេរី ដាក់ភស្តុតាង និង ឯកសារផ្សេងៗនោះ គូភាគីក៏បានព្រមព្រៀងគ្នាកំណត់កាលបរិច្ឆេទនីតិវិធីទាញហេតុផល ដោយផ្ទាល់មាត់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង ៩៖០០នាទីព្រឹកផងដែរ៕