(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្គាប់ឱ្យទាហានទាំងអស់ ចេញមុខមុនគេក្នុងការ​ការពារសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ ដើម្បីកុំឱ្យបុគ្គលណាមួយ មកបំផ្លិចបំផ្លាញសន្តិភាពនេះបាន។

លោកឧប​នាយករដ្ឋមន្រ្តី ទៀ បាញ់ បានប្រកាសបែបនេះ នៅក្នុងពិធីសម្ពោធ​យានដ្ឋានជួសជុល​រថយន្តជា​ជំនួយកងទ័ព​រំដោះប្រជាជនចិន និងសមិទ្ធផល របស់កងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា «ត្រូវតែការពារ ត្រូវតែប្តូរផ្តាច់ៗមុនគេតែម្តង មិនឱ្យនរណាមួយ​មកបំផ្លិច​បំផ្លាញ​នូវសន្តិភាពដែលរកបានយ៉ាងលំបាក បានជាដាច់ខាត»។ លោកបានបន្ថែមថា «បក្សខ្លះ បាននិយាយថា អ្នកពាក់ឯកសណ្ឋាន ដើរនិយាយពីនយោបាយ វាមិនសមស្រប ប៉ុន្តែពេលខ្លះអ្នកពាក់ឯកសណ្ឋាននេះ គឺបានចំណាយ​សាច់ឈាមច្រើន ក្នុងរយៈពេលកន្លងមក បាននាំមកនូវសន្តិភាព នាំមកនូវស្ថិរភាព បាននាំមកនូវការរីកចំរើន»

ឧបនាយករដ្ឋមន្រ្តី ថែមទៀតរិះគន់ ដល់បុគ្គលមួយចំនួន ដែលបាននិយាយវាយប្រហារទៅលើរាជរដ្ឋាភិបាល។ លោកចាត់ទុកថា ការវាយប្រហារទាំងនោះ គឺជាការញុះញង់បង្កចលាចល។ លោកថ្លែងថា  «ពេលខ្លះ គេលើកឡើង អត់មានគិតគូរទេ អំពីភាពរីកចំរើនដែលនាំគេមកក្រអើតក្រទមគ្រប់ទិសទី និយាយស្តីបានតាមចិត្ត សុទ្ធតែចោទថា គំរាមកំហែង ផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មិនគោរពប្រជាធិបតេយ្យជាដើម។...គ្រប់វោហាសារដែលចេញមក គឺជាការញុះញង់ ចោទប្រកាន់ទៅដល់អ្នកដែលខិតខំធ្វើការអភិវឌ្ឍនាំឱ្យជាតិយើងរីកចំរើននេះ»

លោកបន្ថែម៖ «បុគ្គលខ្លះ ប៉ះពារបន្តិចបន្តួច ហើយយកទៅពង្រីកឱ្យធំ។ ទីចុងបំផុតគេសម្តៅថា ឥឡូវនៅមិនបានទៀតទេ ត្រូវតែដូរចេញ ដូរ ដូរ។ ភាសារដូររបស់គេ គឺទៅណាទៅណីវែងឆ្ងាយពិបាកយល់»