(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nikolai Platonovich Patrushev លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សហ​ព័​ន្ឋ​រុ​ស្ស៊ី ចូលជួបពិភាក្សាការងារ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបព្រឹកនេះ បានផ្តោតសំខាន់លើការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី និងបញ្ហាភេរវកម្ម។

ក្នុងជំនួបនោះ លោក នីកូឡាយ បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាការងារមួយចំនួន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ រួមទាំងវិស័យសន្តិសុខ ដោយមានការផ្លាស់ប្តូរយោបល់ មួយចំនួនពាក់ព័ន្ធនឹង បញ្ហាតំបន់និងបញ្ហាអន្តរជាតិ ជាពិសេសផ្តោតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយនេះគឺជាកិច្ចអាទិភាព មិនត្រឹមតែរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីនោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលថាតើកម្ពុជានិងរុស្ស៊ី គួរធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងណា ដើម្បីរកវិធីជំរុញក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម ឲ្យមានប្រសិទ្ធិភាព។

តាមការគូសបញ្ជាក់របស់ លោក កៅ គឹមហួន បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យមានការរៀបចំនូវ កិច្ចប្រជុំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនេះ។ លោកលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សហ​ព័​ន្ឋ​រុ​ស្ស៊ី បានឆ្លើយតបថា នឹងនាំសេចក្តីស្នើសុំនេះ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក ផ្លាឌីមៀ ពូទីន។

ក្រៅពីនេះភាគីទាំងពីរ បានពិភាក្សាគ្នា លើបញ្ហាមួយចំនួនទៀត ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ទាំងទ្វេរភាគី ទាំងក្នុង​កម្រិតតំបន់ និងអន្តរជាតិ ជុំវិញបញ្ហាពង្រឹងវិស័យសន្តិសុខ មិនត្រឹមតែប្រយុទ្ធប្រឆាំងអំពើភេរវកម្មទេ ទាំងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម៕