(ភ្នំពេញ)៖​ ករណីរឹត-ក សម្លាប់​កូនស្រី​មន្រ្តីរដ្ឋសភា​ប្លន់យក​ទ្រព្យសម្បត្តិ​ នៅ​ខណ្ឌ​ច្បារ​អំពៅ​ រហូត​មក​ទល់​ព្រឹក​​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ​ តុលាការ​បាន​សម្រេចឃុំ​ខ្លួន​​ពូ​បង្កើត​របស់​ជនរងគ្រោះ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​​​។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ថា​ លោក​ ងិន​ ពេជ​ ជា​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទប្រកាន់​ឈ្មោះ​ ពៅ​ វុទ្ធី​ អាយុ​២៤ឆ្នាំ​ ពី​បទ​ឃាតកម្ម​ តាម​មាត្រា​១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ បទល្មើស​ ឃាតកម្ម​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

ប្រភព​ព័ត៌មាន​ បា​នបញ្ជាក់​ថា​ លោក​ លី​ សុខលេង​ ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ ពៅ​ វុទ្ធី​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

គួរ​រំលឹក​ថា ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹត-ក សម្លាប់ប្លន់យកទ្រព្យសម្បត្តិដល់ក្នុងបន្ទប់ដេក ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល តាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យបាននិយាយថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។

នារីកូនរបស់មន្រ្តីរដ្ឋសភា ដែលរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ។

ក្រោយកើតហេតុនេះ​ កាលពី​ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧​ កម្លាំងនគរបាល​ខណ្ឌច្បារអំពៅ សហការ​ជាមួយ​កម្លាំងនគរបាល​ស្រុក​កៀនស្វាយ  បានចុះដកហូតវត្ថុតាង​ជាគ្រឿង​អលង្ការ​និងទូរស័ព្ទនៅផ្សារគគីរ ស្រុកកៀនស្វាយ ដែលជាកម្មសិទ្ធិ​របស់​ជនរងគ្រោះ​ជាកូនមន្ដ្រីរដ្ឋសភា ដែលត្រូវបាន​ឃាតក សម្លាប់​ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ​ហើយយកទៅលក់​នៅទីនោះ។

មន្ដ្រីនគរបាលបានឲ្យដឹងថា វត្ថុតាងដែលដកហូត​បានរួមមាន៖ កងដៃផ្លាកទីន​ចំនួន​១ ដកហូតពី​ឈ្មោះ អ៊ី ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ​លក់មាស និង​ទូរស័ព្ទដៃម៉ាក iPhone 5 ០១គ្រឿង ដកហូតពី ឈ្មោះ ងួន សៅមុនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ​។

ដោយឡែក​អ្នកទិញ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី៕