(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បញ្ជាចាត់ឲ្យកម្លាំង​កងរាជ​អាវុធ​ហត្ថ​ជុំវិញខេត្តកំពង់ស្ពឺ ត្រូវចេញបោសសម្អាតបទល្មើសគ្រឿងញៀនឲ្យអស់ និងត្រូវបន្ថែមសកម្មភាព​ចុះបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹម។

អនុសាសន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលមានការ​ចូលរួមពី នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា «ថ្ងៃនេះសុំដាស់តឿនជាថ្មី ចំពោះការបង្ក្រាបគ្រឿងញៀន ត្រូវធ្វើដោយយកចិត្តដាក់ តាមដានគ្រប់ចលនាការប្រើប្រាស់ និងការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យខានតែបាន»

លោកមេបញ្ជាការបានបន្តថា កម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខត្រូវបន្តត្រួត​ពិនិត្យរាល់សកម្មភាពកាប់​ឈើ ចាប់សត្វព្រៃ ជីកគាស់រ៉ែខុសច្បាប់ ត្រូវបន្តការសហការល្អជាមួយជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីរ៉ែ ដោយមាន​កម្លាំងគាំទ្រពីនគរបាលជាតិ និងកម្លាំងទាហ៊ាន ក្តាប់ឲ្យបានរោងសិប្បកម្មកែច្នៃ ដេប៉ូ ឃ្លាំង កន្លែងស្តុកសន្និធិឈើ កន្លែងធ្វើអាជី​វកម្មពាក់ព័ន្ធបទល្មើសមិនស្របច្បាប់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានសង្កត់ធ្ងន់ថា «ត្រូវផ្តល់ការអប់រំជាប្រចាំដល់ប្រជាពលរដ្ឋ ឲ្យស្គាល់ពីតម្លៃបរិស្ថាន ព្រៃឈើ រ៉ែ ឲ្យពួកគាត់ជ្រួតជ្រាបអំពីច្បាប់នានា និងមានទោសបែបណាក្នុងរឿងប្រព្រឹត្តផ្ទុយពីច្បាប់»