(ពោធិ៍សាត់)៖ លោក សេង សុមុនី អនុរដ្ឋលេខាធិការតំណាងលោក ទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាស​នា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គ្រប់អង្គការ សមាគមសាសនា ធ្វើយ៉ាងណាតស៊ូអត់ធ្មត់ព្យាយាម រក្សាឲ្យបាននូវភាពថ្លៃថ្នូរ គោរពវិន័យសាសនា និងចូលរួមធ្វើសកម្មភាពប្រកបដោយគុណធម៌ អប់រំឲ្យគោរពច្បាប់រួមចំ​ណែក​ដល់ការអភិវឌ្ឍន៍ជាតិ។

ការបញ្ជាក់របស់ លោក សេង សុមុនី ធ្វើឡើងក្នុងឱកាស លោកអញ្ជើញបើកសិក្ខាសាលា ស្តីពីទិវាសប្តាហ៍សុខដមរមនា​អន្តរជំនឿ ក្រោមប្រធានបទ «មេដឹកនាំសាសនា រួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា» នៅសាលប្រជុំសណ្ឋាគារ សេនជូរី ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងខេត្ត ព្រះតេជគុណ ព្រះសង្ឃ អ៊ីម៉ាម គ្រួគង្វាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិសរុបជាង៨០នាក់។

គួរបញ្ជាក់ថា ការប្រារព្ធទិវានេះឡើង គឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីពង្រីកការយល់ដឹងដល់គ្រប់មេដឹកនាំសាសនា និងលើកកម្ពស់សាមគ្គីភាព ការកសាងសន្តិភាពខាងជំនឿសាសនាលើពិភពលោក នឹងតម្រង់ទិសដៅដល់ការគោរព និងអនុវត្ត កតិសញ្ញារបស់អង្គការសហប្រជាជាតិ ត្រង់មាត្រា៦៥/៥ស្ដីពី «សប្ដាហ៍សុខដុមរមនាអន្តរជំនឿពិភពលោក» ផង និងការអនុវត្តន៍​គោល នយោបាយយុទ្ធសាស្ត្រ និងទិសដៅនៃការអប់រំតាមរយៈវិស័យអន្តរសាសនានៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់នេះផ្ទាល់។

លោកអនុរដ្ឋលេខាធិការ សូមអំពាវនាវដល់គ្រប់មេដឹកនាំសាសនាទាំងអស់នៅក្នុងខេត្តពោធិ៍សាត់ មេត្តាគោរពប្រតិបត្តិ​តាម​ធម៌ វិន័យសាសនារៀងៗខ្លួន និងច្បាប់រដ្ឋ រួមចំណែកអប់រំផ្សព្វផ្សាយបរិស័ទរបស់ខ្លួន ឲ្យមានភាពសុខដុមរមនា​អន្តរជំនឿ​សាសនា។

លោក សេង សុមុនី បានបញ្ជាក់ថា គ្រប់អង្គការសមាគមសាសនា ធ្វើយ៉ាងណា តស៊ូអត់ធ្មត់ព្យាយាម រក្សាឲ្យបាននូវភាពថ្លៃថ្នូរ គោរពវិន័យសាសនា និងចូលរួមធ្វើសកម្មភាពប្រកបដោយគុណធម៌ អប់រំឲ្យគោរពច្បាប់រួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ។ ដូចនេះគ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងខេត្តពោធិ៍សាត់ ត្រូវប្រឹងប្រែងយកលទ្ធផលនៃសិក្ខាសាលានេះ ទៅ​អនុវត្ត​ដើម្បីសុខដុមរមនា ដើម្បីលើកកម្ពស់ភាពសុខដុមរមនាអន្តរសាសនាទាំងនៅក្នុងតំបន់ និងកម្រិតជាតិ ហើយ​ជឿជាក់ថា ការចូលរួមចំណែកដ៏មានតម្លៃរបស់មេដឹកនាំសាសនាទាំងអស់នឹងមានតម្លៃ ក្នុងការលើកកម្ពស់ភាព សុខដុមរមនាអន្តរជំនឿ​ជាមិនខាន៕