(ភ្នំពេញ)៖ ដីឡូត៍មួយកន្លែង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានតម្លៃខ្ទង់លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពផលិត និងជួញដូរគ្រឿងញៀន កាលពី៧ឆ្នាំមុននោះ ត្រូវបានគណៈកម្មការចំរុះ មកក្រសួងចំនួន៣ គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ដឹកនាំដោយតំណាងអយ្យការ ចុះទៅរឹបអូសរក្សាទុកជាសម្បត្តិរដ្ឋ​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមអនុវត្តការងារនេះ បានថ្លែងថា ដីឡូត៍ខាងលើ មានការជា​ប់ពាក់ព័ន្ធករណីគ្រឿងញៀន នាឆ្នាំ២០១០ ដែលកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ហើយទីតាំងនេះ ត្រូវរឹបអូសមកទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីចាត់ចែងតាមនីតិវិធី។

អាជ្ញាធរខណ្ឌឬស្សីកែវ បានឲ្យដឹងថា ទីតាំងដែលគណៈកម្មការចំរុះ ចុះមកអនុវត្តរឹបអូសខាងលើនេះ ធ្វើឡើងដោយយោងទៅតាមដីកាលេខ៩៤ របស់តុលាការកំពូលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ និងយោងតាមសេចក្តីលេខ០៥៤ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ លោក មាស វិរិទ្ធ មិនអាចបញ្ជាក់បានទេថា ដីឡូត៍មួយនេះមានតម្លៃទៅតាមទីផ្សារប៉ុន្មាននោះទេ គ្រាន់តែលោកថា ប្រហែលខ្ទង់លាន ខណៈមន្រ្តីដែលចូលរួមបានលួចបង្ហើបថា ខ្ទង់ជិត៣លានដុល្លារ៕