(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ ជាទិវាបង្ហាញក្តីស្រឡាញ់ទូទៅ មិនមែនសម្រាប់តែគូសេ្នហ៍។ លោកជំរុញឱ្យយុវវ័យត្រូវរក្សា និង គោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរឲ្យបានល្អ។

លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ឲ្យដឹងថា ទាក់ទងនឹងទិវានេះ ក្រសួងក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ សិស្សានុសិស្ស នៅតាមសាលារៀនឲ្យយល់ពីខ្លឹមសារនៃទិវានៃក្តីស្រឡាញ់ ហើយក៏បានបង្កើនការពង្រឹងចុះអវត្តមាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីកុំឲ្យសិស្សានុសិស្សាគេចវេសពីការសិក្សាទៅធ្វើរឿងមួយចំនួនដែលខុសនឹង ប្រពៃណីទំនៀមទំលាប់ខ្មែរ។

រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងបែបនេះខណៈលោកចូលរួម នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និង តេស្តសមត្ថភាព ដោយខ្លួនឯង សម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៉ីនធើណែត នៅទីស្តីការក្រសួងអប់រំ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ហង់ ជួនណារ៉ុន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យយុវជនបន្តគោរពនូវប្រពៃណីទំនៀមទំលាប់ ខ្មែរទិវានៃ​សេចក្តីស្រឡាញ់ មិនមែន ជាទិវាដែលយុវជនយើងត្រូវតែមានដៃគូខាងផ្នែកស្នេហានោះទេ តែវាជាទិវាបង្ហាញ​ក្តីស្រឡាញ់ជារួម ជាទូទៅចំពោះ ឪពុក ម្តាយ មិត្តភក្តិ។ នេះជាសេចក្តីស្រឡាញ់ដែលមានលក្ខណៈទូលំទូលាយ មិនមែនមានន័យថា ជាសេចក្តីស្រឡាញ់ ជាគូស្នេហ៍នោះទេ។ខ្ញុំសុំស្នើឲ្យយុវជនយល់ច្បាស់ពី ខ្លឹមសារពិតពីទីវានេះ ហើយផ្តោតទៅលើការខិតខំប្រឹងប្រែងដើម្បីពង្រឹង សមត្ថភាព វិញហើយ ស្នើឲ្យ យុវវ័យរក្សាឲ្យបាន​ប្រពៃណីទំនៀម​ទំលាប់​វប្បធម៌របស់ខ្មែរ»

គួរបញ្ជាក់ថា ទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ ខែកុម្ភៈ គឺនៅតែមានប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេស គឺយុវវ័យ បាន​ប្រារព្ធទិវានេះ ឡើងជារៀងរាល់ឆ្នាំ។ តែទិវាមួយនេះ នៅតែមានយុវវ័យមួយចំនួន មិនទាន់យល់ពីខ្លឹមសារពិតប្រាកដ ហើយបែរជាយកថ្ងៃនេះ ទៅប្រព្រឹត្តសកម្មភាពមួយចំនួន មិនគួរគប្បី រំលងប្រពៃណីខ្មែរទៅវិញ។

សម្រាប់ក្រសួងអប់រំ ជារៀងរាល់ឆ្នាំក៏បានចូលរួមចំណែក ក្នុងការក្រើនរំលឹកដល់សិស្សានុសិស្សឲ្យយល់ដឹងពីខ្លឹមសារនៃទិវា មួយនេះ ឲ្យកាន់តែច្បាស់លាស់ថែមទៀត ហើយក្រសួងក៏មានវិធានការមួយចំនួន សម្រាប់សិស្សានុសិស្ស​ដែលយកមិនចូលរៀន នៅថ្ងៃទី១៤ ខែកុម្ភៈ ផងដែរ៕