(ឧត្តរមានជ័យ)៖ លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញអនុវត្តតាមបញ្ជារបស់ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តមានជ័យ នៅម៉ោង ៦៖៣០នាទីល្ងាចម្សិលមិញ កំលាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ក្នុងចំណោម ៦នាក់ ដែលបានគំរាមទារប្រាក់ពីជនរងគ្រោះជាឈ្មួញរកស៊ីឈើបានចំនួន ២,៥០០,០០០រៀល ជាថ្នូរនៃការមិនចុះផ្សាយអត្ថបទព័ត៌មាន។

លោកស្នងការបានបន្តថា ជនសង្ស័យ ទី១៖ ឈ្មោះ​ ស៊ិញ សំឡី ភេទប្រុស អាយុ ៤០ឆ្នាំ ជានិពន្ធនាយកសារព័ត៌មានវិមានឯករាជ្យ មានទីលំនៅបច្ចុប្បន្ន ភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប, ទី២៖ ឈ្មោះ ស ធុច ភេទប្រុស អាយុ៤១ឆ្នាំ ជាភ្នាក់ងារសារព័ត៌មានកោះពេជ្រ រស់នៅភូមិដូនស ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, ទី៣៖ ឈ្មោះ ប៉ាវទិត ណារ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាទាហាន ក២ ជើងគោក កាន់ប័ណ្ណភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៤៖ ឈ្មោះ សឿង សាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកស្នងការបន្ថែមថា វត្ថុតាងសមត្ថកិច្ចជំនាញដកហូតបានរួមមានប្រាក់ចំនួន ១,២០០,០០០រៀល ប័ណ្ណសារព័ត៌មានចំនួន ៣សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៥សន្លឹក ,ទូរស័ព្ទដៃចំនួន ៩គ្រឿង, កាត ATM ចំនួន ៣សន្លឹក, ប័ណ្ណសំគាល់ទោចក្រយានយន្ត ១សន្លឹក និងរថយន្តម៉ាក Camry ពណ៌សំបកឪឡឹក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2C- 0130 ជាមធ្យោបាយជិះធ្វើសកម្មភាព។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងជនល្មើសខាងលើ និងវត្ថុតាងទាំងអស់បញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមនីតិវិធី៕