(ភ្នំពេញ)៖ សពរបស់លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានរំកិល​ទៅដល់ឈាបនដ្ឋាន ក្នុងបរិវេណវត្តវង្គតបុរី ហៅវត្តទួលក្រសាំង និងបានបូជាសពរួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមសំរែកទួញយំយ៉ាងខ្លាំង របស់សាច់ និងមិត្តរួមអាជីព។

លោក ហ៊ុយ វណ្ណៈ នាយកគ្រប់គ្រងព័ត៌មាននៅទូរទស្សន៍ CNC CTN និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានឲ្យដឹងថា សពរបស់លោក ម៉ា សេរី ត្រូវបានបូជាដោយការប្រទានភ្លើង ពីព្រះចៅអធិការវត្តវង្គតបុរី ហៅវត្ត​ទួលក្រសាំង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងពិធីបូជាសព លោក ម៉ា សេរី នាពេលនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងសហការីនៅស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV  និងសាច់ញាតិ រួមនឹងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ​ទៀតផងដែរ។

សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាព នៅវេលា​ម៉ោង​​៥៖៥៤នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕