(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រាម្នាក់បានបើករ៉ឺម៉ូតូកង់បីគ្រឿងបញ្ជ្រាស់ផ្លូវទៅប៉ះ ជាមួយរថយន្តមួយគ្រឿងសេរីទំនើបម៉ាក Roll Royce ដែលមានតម្លៃ រាប់សែនដុល្លារ របស់លោកឧកញ៉ា ឌួង ឆាយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៖១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញរ៉ឺម៉ក់ម៉ូតូកង់បីមួយគ្រឿង ជិះដោយបុរសស្រវឹងស្រាម្នាក់បានជិះបញ្ជ្រាស់ តាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយជិះបញ្រ្ចាស់ ចាប់ពីស្តុប NOKIA រហូតដល់មុខខារ៉ាអូខេឌីយ៉ាម៉ង់ ក៏បានជ្រុលចង្កូតទៅគៀរប៉ះជាមួយ នឹងរថយន្តមួយគ្រឿងរបស់ឧកញ៉ា ឌួង ឆាយ ម៉ាក Roll Royce ពណ៌ស គ្មានស្លាកលេខ ដែលធ្វើដំណើរបញ្ជ្រាស់ទិសគ្នាបណ្តាលឲ្យរថយន្ត រងការខូចខាតរលាត់ថ្នាំ នៅកង់ក្រោយផ្នែកខាងឆ្វេង នៃរថយន្ត Royce Royce របស់លោកឧកញា្ញតែម្តង។

ដោយសារខាងកង់បីស្រវឹងមិនអាចនិយាយគ្នាបានលោកឧកញ៉ា រួមជាមួយភរិយាបានទុករថយន្តចោលរួចឲ្យអ្នកផ្ទះ យករថយន្តមួយគ្រឿងផ្សេងទៀត ជិះជាមួយប្រពន្ធចេញទៅបាត់ទៅ។ បន្ទាប់ពីលោករួមជាមួយភរិយាចេញទៅបាត់ទៅរថយន្ត និងកង់បីត្រូវសមត្ថកិច្ចស្ទួចយកទៅទុកនៅខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕