(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញលោក គី តិច មេធាវីការពារក្តីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យចូលទៅផ្តល់ចម្លើយនៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីដំណើរឿងប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈទៅលើសម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមលិខិតអញ្ជើញរបស់លោកព្រះរាជអាជ្ញារង សៀង សុខ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ។

យោងតាមលិខិតអញ្ជើញរបស់លោក សៀង សុខ ដែលអង្គភាព Fresh News ទើបទទួលបាននៅប៉ុន្មាននាទីមុននេះ បានបញ្ជាក់ថា «សាមីខ្លួន ត្រូវអញ្ជើញតាមលិខិតអញ្ជើញ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងរឿងខាងលើមកជាមួយផងប្រសិនបើមាន»

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក លើបទល្មើស បរិហាកេរ្តិ៍ជាសាធារណៈ ត្រូវបានលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នៅរសៀលថ្ងៃដដែលនោះ លោក គី តិច បានឲ្យដឹងថា ថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ១លានដុល្លារ សម្តេចនឹងយកទៅសាងសង់ផ្ទះជូនជនពិការ។

លោក គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬ១លានដុល្លារអាមេរិក ហើយប្រសិនបើត្រូវបានតុលាការសម្រេចឲ្យសងនោះ, សម្តេចតេជោ ហ៊ុន សែន នឹងយកទៅសាងសង់ផ្ទះជូនជនពិការទូទៅ»

លោក គី តិច បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ជាការអះអាបំផ្លើសធ្វើឲ្យប៉ះពាល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន។ លោក គី តិច បញ្ជាក់យ៉ាងដូច្នេះថា៖ «អំពើដែលឈ្មោះ សម រង្ស៊ី បានប្រព្រឹត្ត គឺជាការអះអាងបំផ្លើស និងជាការទំលាក់កំហុសដោយអសុទ្ធចិត្ត ដោយបានចោទប្រកាន់ មូលបង្កាច់ផ្ទុយពីការពិត ក្នុងចេតនាទុច្ចរិតបំភាន់សាធារណាមតិជាតិ និងអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយស និងកិត្តិស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន។ អំពើខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយបន្តក្នុងចំណោមសាធារណជនតាមបណ្តាញទំនាក់ទំនងសង្គម Facebook។ អំពើនេះមានធាតុផ្សំគ្រប់គ្រាន់ ដើម្បីកំណត់ជាបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិ នៃមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ»។

សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។

លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាងដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»

ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នេះក៏ត្រូវបានកញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍ ផងដែរ ទាមទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក ហើយកញ្ញាបានដាក់ពាក្យបណ្តឹងនេះរួចហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ៕