(កំពង់ធំ)៖ កាលពីដើមខែមករា ឆ្នាំ២០១៧ តូបលក់ដូររបស់បងប្អូនអាជីវករនៅផ្សារក្រវ៉ា ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍​ ខេត្តកំពង់ធំ ត្រូវបានឆេះបំផ្លាញ​អស់ចំនួន​៥៤តូប មានតម្លៃជិត១០ម៉ឺនដុល្លារ​នោះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បាននាំយកថវិកា (ថវិកាបានមកពីបងប្អូនអាជីវករ និងសប្បុរសជននានា) មួយចំនួនទៅជួសជុលដំបូល។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តដែលទើបប្រកាសតែងតាំង បានប្រកាស និងជម្រាបជូនដល់បងប្អូនអាជីវករថា «ចាប់ពីថ្ងៃនេះតទៅ បងប្អូនមិនបាច់បង់ថ្លៃ​ឈ្មួលប្រចាំឆ្នាំទៀតទេ ហើយបងប្អូនអាចលក់បន្តរហូតតកូនតចៅ ប៉ុន្តែបងប្អូនត្រូវបង់ភាស៊ី សម្រាប់សំអាតបរិស្ថាន និងអនាម័យ ក្នុងផ្សាររបស់យើងនេះ»។

ចំណែកការសាងសង់តូបលោក សុខ លូ បានប្រគល់ឲ្យគណៈកម្មាការផ្សារ ជាអ្នកសាងសង់តាមតូបដែលធ្លាប់មានពីមុន ហើយនៅថ្ងៃនេះ បងប្អូនអាជីវករទាំងអស់ពិត​ជាបានរីករាយណាស់ នឹងគោលនយោបាយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះទីផ្សារទាំងអស់។ បងប្អូនអាជីវករទាំងអស់ បានប្តេជ្ញាគាំទ្រការ​ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត។

សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ​ចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ផ្សារក្រវ៉ា ស្ថិតភូមិនៅភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវបានអគ្គិភ័យឆាបឆេះ អស់តូបលក់ចំនួន៥៤តូប ស្មើទឹកប្រាក់៩៥.៩០០ដុល្លារ៕