(ភ្នំពេញ)៖ ភាពយន្តខ្នាតធំ ដំបូងបំផុតបែបវាយតប់របស់ខ្មែរ ដែលបានបង្ហាញពីក្បាច់គុន ល្បុក្កតោខ្មែរ​ដ៏អស្ចារ្យ រឿង «Jaibreak ឬការពារឧក្រិដ្ឋជន!» ដែលត្រូវបានគេដឹងថា ចាយទុនក្នុងផលិតអស់​ជាង៣០ម៉ឺនដុល្លារ បានបើកសម្ពោធយ៉ាងកក្រើក អស់អ្នកសិល្បៈ ដាក់បញ្ចាំងជាផ្លូវការ​ នៅល្ងាចថ្ងៃទី២០ ខែមករា ម្សិលមិញនេះ នៅរោងភាពយន្ត Legend ផ្សារទំនើប TK ទួលគោក ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ក្រុមផលិតករខ្មែរ ផលិតករបរទេស ក្រុមតារាសម្ដែង ទស្សនិកជន និងអ្នកសារព័ត៌មាន ជាច្រើននាក់។

លោក Jimmy Henderson ជាផលិតករ បានបញ្ជាក់ថា រឿង​ «Jaibreak» ជាប្រភេទភាពយន្ត បែបវាយតប់រស់រវើក មិនចាញ់កុនហូលីវូដ ដើម្បីឲ្យខ្មែរប្ដូរទស្សនៈ ដែលចូលចិត្តមើល តែប្រភេទរឿង​ខ្មោច និងកំប្លែង ឲ្យងាកមកមើលរឿងវាយតប់ បង្កប់នូវក្បាច់គុណល្បុក្កតោ បែបស្ដង់ដាអន្តរជាតិ​។ រឿងនេះបានចំណាយទុនផលិតរហូត ដល់ជាង៣០ម៉ឺនដុល្លារ ដែលមានការចូលរួមពី តារាសម្ដែងល្បីៗ​​នៅក្នុងប្រទេសកម្ពុជា និងតារាសម្ដែងមក​ពីប្រទេសបារាំង និងតារាបរទេសពីរបីនាក់ផ្សេង​ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះ​ក៏មានកីឡាករ កីឡាការិនីដែលចេះក្បាច់គុណ និងល្បីឈ្មោះ ក៏ត្រូវបានអញ្ជើញឲ្យចូលសម្ដែង​ផងដែរ។

លោក Jimmy Henderson ថ្លែងថា «ខ្ញុំហ៊ាននិយាយថា នេះភាពយន្តខ្មែរ​ល្អបំផុត ដែលមិនធ្លាប់បានធ្វើ​នៅប្រទេសកម្ពុជា ព្រោះមានឈុតឆាកប្រយុទ្ធគ្នា ដែលថតយ៉ាងមាន​គុណភាព និងការសម្ដែងដ៏អស្ចារ្យ​។ ភាពឥតខ្ចោះក្នុងភាពយន្តនេះហើយ ទើបធ្វើឲ្យរឿង ​Jailbreak ​ទទួលបានសិទ្ធិដាក់បញ្ចាំង នៅទីផ្សារអាមេរិក!»

លោក Jimmy Henderson​ បានថ្លែងឲ្យដឹងទៀត​ថា រឿង «Jailbreak» ជាប្រភេទវាយតប់រវាងប៉ូលិស និងក្រុមឧក្រិដ្ឋជននៅក្នុងគុក ហើយក៏រំលេចពីក្បាក់គុណល្បុក្កតោ របស់ខ្មែរផងដែរ។ ​លោកបានផលិតភាពយន្តចំនួន៥​ រឿង​មកហើយ ដែលបានដាក់បញ្ចាំង នៅទីផ្សារភាពយន្តខ្មែរ តែមិនទាន់​​ទ​ទួលបាន ជោគជ័យទេ។ ប៉ុន្តែលោកនៅតែជំនះ​ផលិតរឿង ដែលមានរសជាតិថ្មីមួយ​​បន្ថែមទៀត​។

សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «Jailbreak» នឹងត្រូវចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ តទៅ នៅតាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ ព្រមទាំងត្រៀមបញ្ចាំងនៅលើទីផ្សារបរទេស ក្នុងពេលឆាប់ខាងមុខនេះផងដែរ៕