(តាកែវ)៖ នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​ តំណាងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បានអញ្ជើញជាអធិបតី​ក្នុងពិធី​បុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុង​វត្តឈើនៀងផ្អែម  និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាង២០០០នាក់ ដែលស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ​។​

បន្ទាប់ពីស្តាប់​របាយការណ៍ លោក​អភិបាលស្រុកទ្រាំងរួចមក​ លោក​ ហ៊ីង ប៊ុនហៀង  បានថ្លែងនូវការកោតសរសើ​ ដល់លោកអភិបាលស្រុក
ព្រះចៅអធិការវត្ត​ ដែលខិតខំគៀងគរសប្បុរសជន​ ដើម្បីមកជួយកសាង​អភិវឌ្ឍ​នូវសមទ្ធផលជាច្រើនដែលមាន ដូចពេលនេះ។​  នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជា ពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ជាក់ស្តែង​នៅវត្តឈើនៀងផ្អែមនេះតែម្តង ត្រូវបានបំផ្លាញខ្ទេចខ្ទី​ គ្មានសល់ទេហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ​ ពីគំនរផេះផង់​។

លោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​ បានខិតខំ​ ពុះពារ​ ឧបសគ្គ រក្សាបាននូវ​ សុខសន្តិភាព ស្ថិរភាព​ រហូត​ អភិវឌ្ឍ​ ប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា បើគ្មានគោលនយោបាយឈ្នះ​ ឈ្នះ​ របស់រាជរដ្ឋាភិបាល​ ​ទេ​ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ដែ។ លោកស្នើឱ្យប្រជាពលរដ្ឋ ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាព ដែលយើងទទួលបាន យ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើងថ្ងៃ២៣​ តុលា​ ដោយចោទ​រាជរដ្ឋាភិបាលថាបានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ២៣តុលា។

លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ថា បើគ្មានថ្ងៃ​ ៧​ មករា​ទេ​ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ក៏គ្មាន សិទ្ធមនុស្ស
ក៏គ្មាន​សុខសន្តិភាព​ ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។

គួរបញ្ជាក់ថា សម្រាប់ឱកាសនោះ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យសម្រាប់វត្តឈើនៀងផ្អែមចំនួន៤០លានរៀល សម្រាប់កសាងបន្ត ព្រមទាំងឧបត្ថម្ភម៉ូតូ Dream១២៥ មួយគ្រឿងដល់ គណបក្សឃុំ ឈើនៀងផ្អែម និង ផ្តល់ជូនកំព្យូទ័រ ព្រីនទ័រ  
ដល់ សាលាស្រុកទ្រាំង កំព្យួទ័រ  ២គ្រឿង, ព្រីនទ័រ២គ្រឿង។ សាលាបឋមសិក្សាឈើនៀងផ្អែម កំព្យួទ័រ១គ្រឿង និងព្រីនទ័រ១គ្រ។ អនុវិទ្យាល័យ ឈើនៀងផ្អែម កំព្យួទ័រ១គ្រឿង និងព្រីនទ័រ១គ្រផងដែរ។ ក្រៅពីនោះឯឧ ក៍បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ អជ្ញាធរ ប្រជាពលរដ្ឋផងដែរ៕
-