(ភ្នំពេញ)៖ ស្ថានីយ៍បុរាណមួយកន្លែង ដែលមានអាយុកាលរាប់សិបឆ្នាំគឺ «ទួលអង្គសាច់ជ្វា» ដែលស្ថិតនៅភូមិបឹងទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ នាពេលបច្ចុប្បន្ន​នេះ កំពុងរងការរំលោភបំពាន ដោយសារតែប្រជាពលរដ្ឋ បានសង់សំណង់រឹង កាត់លើស្ថានីយ៍បុរាណមួយនេះ។

មន្ដ្រីជំនាញបានបញ្ជាក់ថា «ទួលអង្គសាច់ជ្វា» ជាស្ថានីយ៍បុរាណវិទ្យា ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌ ដែលរៀបចំឡើងក្រោមកិច្ចសហការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសាលាបារាំងចុងបូព៌ា (EFEO)។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ លោក ជុំ វុឌ្ឍី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានសុំអន្ដរាគមន៍ ករណីរំលោភលើស្ថានីយ៍បុរាណ «ទួលអង្គសាច់ជ្វា» ទៅលោកឧត្តមសេនីយ៍​ លី ឡាយ ប្រធាននាយកដ្ឋានគរបាលការពារបេតិកភណ្ឌ។

ក្នុងលិខិតអន្ដរាគមន៍នេះ លោក ជុំ វុឌ្ឍី បានបញ្ជាក់ថា «...ស្ថានីយ៍បុរាណ ទួលអង្គសាច់ជ្វា ត្រូវបានរំលោភបំពានដោយបុគ្គល ដែលមានដីកម្មសិទ្ធិនៅក្បែរនោះ បានសង់សំណង់រឹង កាត់លើស្ថានីយ៍បុរាណមួយនេះ ហើយកន្លងមកក៏មានការពិភាក្សា និងអន្ដរាគមន៍ពីសំណាក់ភូមិបាលខណ្ឌ ចៅសង្កាត់ រហូតឈានដល់​ការហាមឃាត់ សម្ភារៈសំណង់ផ្សេងៗ...តែនៅមិនទទួលបានជោគជ័យ»

បើតាមមន្រ្តីនគរបាលនៅនាយកដ្ឋានការពារបេតិកភណ្ឌ ទួលអង្គសាច់ជ្វា នេះស្ថិតនៅក្នុងសង្កាត់បឹងធំ១ ខណ្ឌពោធិសែនជ័យ។ ទួលនេះមានរាងជារង្វង់ មានវិជ្ជមាត្រ​ប្រហែល៥០ម៉ែត្រ នៅជុំវិញសុទ្ធសឹងតែលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជុំវិញ។ តាមព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋសាងសង់លំនៅដ្ឋាន នៅក្នុងរង្វង់ដីកម្មសិទ្ធរបស់គាត់តែប៉ុណ្ណោះ ដូចនេះត្រូវមានការស្រាវជ្រាវបន្ថែមទៀត ទើបជាការល្អ៕