(ព្រះសីហនុ)៖ ពលរដ្ឋមួយគ្រួសាររស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជួបគ្រោះអាសន្នដោយសារតែផ្ទះរបស់ខ្លួនមួយខ្នង ដែលកំពុងរស់​នៅរាល់ថ្ងៃ ត្រូវអគ្គិភ័យឆេះបំផ្លាញ បណ្តាលឲ្យខូចខាតសម្ភារជាច្រើន ជាពិសេសនោះ គឺលុយចំនួន៤០០ដុល្លារ ដែលខំសន្សំយ៉ាងលំបាក ទុកសម្រាប់ឲ្យកូនស្រីឆ្លង​ទន្លេ​នៅ៥ថ្ងៃទៀតនោះ ក៏ត្រូវបានឆេះគ្មានសល់។  

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវរងគ្រោះខាងលើនេះ ឈ្មោះ ចាន់ ថាត អាយុ៤៣ កម្មករសំណង់ និងប្រពន្ធឈ្មោះ ចិន ដា អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រមានកូន៥នាក់ ហើយកូនស្រីម្នាក់នឹងត្រូវឆ្លងទន្លេនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។

នៅពេលមានអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដោយមិនបណ្ដាលឲ្យរីករាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕