(ភ្នំពេញ)៖ ពិតជាគ្រោះថ្នាក់ណាស់! កម្មករមួយក្រុមបានវាយកម្ទេចចោលសំណង់រឹងមាំមួយកន្លែង ស្រាប់តែមានការធ្វេសប្រហែស បណ្តាលឲ្យបាក់ជញ្ជាំងទាំងផ្ទាំងៗ ធ្លាក់សង្កត់លើផ្ទះរបស់ប្រជាពលរដ្ឋ ជាប្រភេទហាងលក់ សម្ភារជប៉ុនមានឈ្មោះ «តូតូ» តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះនោះទេ ដោយសារតែមនុស្សនៅក្នុងហាងមួយនេះបានរត់ចេញទាន់។

ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានកើតនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ១០ ផ្លូវលេខ៤៧ មុខវត្តដំដែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុនៅការដ្ឋានសំណង់នោះ ត្រូវបានក្រុមកម្មកសំណង់ជាង១០នាក់ នាំគ្នាវាយកម្ទេចចោល ដោយអ្នកខ្លះប្រើញញួរ និងគ្រឿងម៉ាស៊ីន និងអ្នកខ្លះទៀត ប្រើខ្សែពួរចងដើម្បីកុំឲ្យបាក់រលំប៉ះពាល់ដល់ផ្ទះអ្នកជិតខាង។ ប៉ុន្តែដោយការធ្វេសប្រហែសរបស់ក្រុមកម្មករទាំងនោះ បានបណ្ដាលឲ្យបាក់ជញ្ជាំងទាំងផ្ទាំងៗ សង្កត់ទៅលើហាងលក់សម្ភារជប៉ុនដែលមានជីហោ «តូតូ» ធ្វើឲ្យបុគ្គលិកព្រមទាំងភ្ញៀវ ដែលចូលទៅរកទិញទំនិញនៅហាងនោះ នាំគ្នារត់ជាន់ជើងគ្នាចេញមកក្រៅ។

ពាក់ព័ន្ធនឹងផលប៉ះពាល់ហាងលក់ដូរខាងលើនេះ ត្រូវបានភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងបង្កហេតុជាអ្នករាប់រងទាំងស្រុង៕