(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈ ស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ឬច្បាប់ថវិកាឆ្នាំ២០១៧ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅ ស្វែងយល់លំអិត អំពីច្បាប់ថវិកាឆ្នាំ២០១៧បន្ថែមទៀត។

វេទិកាសាធារណៈ ស្តីពីច្បាប់ថវិកាឆ្នាំ២០១៧នេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិតនិងយុវជន ប្រមាណជាង២០០នាក់។

គួរបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាផ្តល់ការអនុម័តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៧ នីតិកាលទី៥ និងត្រូវបានព្រឹទ្ធសភាផ្តល់ការអនុម័ត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នាសម័យប្រជុំពេញ អង្គលើកទី៩ នីតិកាលទី៣ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយ ព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦៕