(កំពត)៖ លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល ខេត្តកំពត ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានចោទប្រកាន់ថា លោកជាតួអង្គដ៏សំខាន់មួយ ក្នុងការរំលោភបំពាន យកដីកម្មសិទ្ធិបុគ្គលទៅធ្វើជាផ្លូវលំ ដើម្បីបម្រើដល់ផលប្រយោជន៍ ដល់ការអង្កន់ពុះឡូតិ៍លក់លើដីរបស់ខ្លួន នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

តាមការឱ្យដឹងពីប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហើបថា លោក ស៊ីវ យុត ដែលមានតួនាទីជាចៅសង្កាត់ និង គូកន បានរកស៊ីពុះដី ឡូតិ៍លក់ហើយសន្យា ចំពោះមុខប្រជាពលរដ្ឋជាង៣០គ្រួសារ ដែលបានទិញដីពុះឡូតិ៍ដែលសឹងតែគ្មានផ្លូវចេញចូលរបស់ខ្លួនថា នឹងបង្កើតផ្លូវឱ្យបានច្រើន ដើម្បីងាយស្រួល ចេញចូលទៅកាន់ដីឡូតិ៍នោះ។ ប៉ុន្តែបន្ទាប់ពីពុះឡូតិ៍លក់បានមួយរយៈ លោកបានយក គ្រឿងចក្រទៅឈូសឆាយ លើកម្មសិទ្ធិដី អ្នកស្រី ឃុន ម៉ាន ក្នុងទំហំទទឹង២ម្រ៉ែត បណ្ដោយ៤៧ម៉្រែត ដើម្បីធ្វើជាចក្រចេញចូល ដល់អតិថិជនរបស់ខ្លួន ដោយពុំបានផ្តល់សំណងដល់ម្ចាស់ដីនោះឡើយ។

ករណីនេះ បានបង្កើតជាទំនាស់ដីធ្លី រវាងម្ចាស់ដី និងប្រជាពលរដ្ឋ ដែលបានទិញដីលោកចៅសង្កាត់ដែលនៅពីក្រោយ ឈានទៅដល់ ម្ចាស់ដី យកឈើទៅដាក់បិទផ្លូវ បង្កឱ្យមានការភ្ញាក់ផ្មើលដល់សមត្ថកិច្ច និង ប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីវេលាម៉ោង១២:៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

លោក ឃិន ធី មុខរបររត់ម៉ូតូតុតុ ដែលជាកូន របស់អ្នកស្រី ឃុន ម៉ាន ជាម្ចាស់ដីដែលលោកចៅសង្កាត់ឈូសឆាយធ្វើផ្លូវនោះបានឱ្យ ដឹងថា ដីរបស់ម្តាយខ្លួន មានប្លង់កម្មសិទ្ធត្រឹមត្រូវ ដែលចេញដោយសុរិយាដី តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៨ មកម្ល៉េះ ហើយត្រូវ បាន លោក មុយ វុធ ជាសមាជិក ក្រុមប្រឹក្សាសង្កាត់ក្រាំងអំពិល និងជាដៃស្តាំផ្ទាល់របស់លោក ស៊ីវ យុត បានជួលត្រាត់ទ័រ១គ្រឿង យកមកឈូសឆាយ និងបានចាក់ដីធ្វើជាផ្លូវ ចេញចូល ទៅក្នុងដីឡូតិ៍របស់លោកចៅសង្កាត់ ស៊ីវ យុត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៥:៥៨នាទី ប្រវែងទទឹង២ម្រ៉ែត បណ្ដោយ៤៧ម៉្រែត ស្មើនឹង ៩៤ម៉្រែតការេ។

លោក ឃុត ធី បន្ដថា នៅពេលដែលលោក មុយ វុធ ក្រុមប្រឹក្សាសង្កាត់ក្រាំងអំពិល កំពុងតែបញ្ជាឱ្យគេឈូសដីរបស់គាត់ ត្រូវបាន បងស្រីរបស់គាត់ ឈ្មោះ ឃិន ស្រីអូន ចេញទៅហាមឃាត់ តែលោកក្រុមប្រឹក្សារសង្កាត់មិនបានឈប់ទេ ថែមទាំងប្រើសំដីគំរាម បងស្រីរបស់ខ្លួនថា ខ្ញុំជា(ក្រុមប្រឹក្សារសង្កាត់) ហ៊ានធ្វើហើយខ្ញុំមិនក្លាចទេ អ្នកឯងទៅប្ដឹងទៅ។

តាមប្រជាពលរដ្ឋ រស់នៅជុំវិញកន្លែងដីទំនាស់នោះ នៃភូមិក្រាំងខាងលើ បានឱ្យដឹងថា ពួកគាត់បានរស់នៅក្បែដីទំនាស់នេះ រយៈពេល ៤ឆ្នាំមកហើយ ដែលទំនាស់ដី គឺកើតឡើងរវាងម្ចាស់ដី និង លោកចៅសង្កាត់ ដោយលោកចៅសង្កាត់បានយកដី ​ភ្លឺស្រែរបស់ម្ចាស់ ឈ្មោះ ឃុន ម៉ាន ដែលនៅក្នុងប្លង់ កម្មសិទ្ធធ្វើជាផ្លូវ សម្រាប់ឱ្យប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ បានឆ្លងកាត់។

ការទំនាស់ដីខាងលើនេះ បានអូសបន្លាយរយ:ពេលប្រមាណ ២ឆ្នាំមកហើយ រហូតនៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មានសមាសភាពថ្នាក់ក្រសួង ដឹកនាំ ដោយលោកអនុរដ្ឋលេខាម្នាក់ ចុះមកអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ ចូលមកដំណោះស្រាយគ្នា នៅមន្ទីរនគររៀបចំដែនដី សុរិយោដី និងសំណង់ខេត្តកំពត ប៉ុន្តែក្នុងស្មារតីអង្គប្រជុំ មិនបានចេញជាលទ្ធផលអ្វីទាំងអស់ ក្រៅពី ប្រកាន់ជំហររៀងៗខ្លួន ដោយលោកចៅសង្កាត់ បន្តទុកដីនោះ ជាផ្លូវដដែល។ ចំណែកខាងម្ចាស់កម្មសិទ្ធដីដែលចៅសង្កាត់ រំលោភនោះ មិនឯកភាពទេ ដោយទាមទារឱ្យមានដំណោះស្រាយ ជាលុយ ឬឲ្យដីរបស់គាត់នៅដដែល ដោយមិនមានការ រំលោភបំពានឡើយ។

ចំពោះប្រជាពលរដ្ឋប្រមាណជាង១០នាក់ ក្នុងចំណោមជាង៣០គ្រួសារ ដែលចៅសង្កាត់អូសទាញ មកជួយតវ៉ាប្រឆាំងដែរនោះ នៅតែទទូចទាមទារ ឲ្យទុកផ្លូវនៅដដែរ ដែលពួកគេចាំបាច់ត្រូវការផ្លូវនោះ ឆ្លងកាត់ចេញចូល ដីរបស់ខ្លួន ដែលបានទិញពីចៅសង្កាត់ ក្រាំងអំពិលខាងលើ។

ទោះយ៉ាងណា ចំពោះបញ្ហាដីធ្លីមួយនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពី​ លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល និង លោក មុយ វុធ ជាសមាជិក ក្រុមប្រឹក្សាសង្កាត់ក្រាំងអំពិល បាននៅឡើយទេ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕