(ភ្នំពេញ)៖ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍នឹងផ្លាស់ប្ដូរ នូវទិសដៅមួយ ចំនួនដើម្បីដោះស្រាយបញ្ហាប្រឈម ឲ្យសម្រេចបានជោគជ័យ យុត្ដិធម៌ មានតម្លាភាព ប្រកបដោយភាពជំនឿទុកចិត្ដនិងឆាប់ រហ័សជូនប្រជាពលរដ្ឋ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសបើកសនិ្នបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្ដការងារឆ្នាំ២០១៧ របស់ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ។

លោកបន្ដថា តាមរបាយការណ៍ការងារក្នុងសន្និបាតនេះ គឺនៅមានបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវយកមកពិភាក្សានៅថ្ងៃនេះ រកដំណោះស្រាយ លើកទិសដៅ ដើម្បីបន្ដការងារបានជោគជ័យ ថែមទៀតនៅឆ្នាំបន្ទាប់។ តែតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ សាលាឧទ្ធរណ៍ ដើម្បីអាចដំណើរការទៅបាន មិនត្រឹមតែអង្គស្ថាប័នខ្លួនឯងតែមួយ អាចនឹងបំពេញការងារ ឲ្យបានល្អប្រសើរ បានឡើយ ភាពចំាបាច់ត្រូវមានស្ថាប័នផ្សេងទៀត ដែលមានកាតព្វកិច្ចជាប់ចំណង ជួយសហការជាខ្សែរសង្វាក់ផងដែរ ទើបអាច សម្រេចលទ្ធផល បានល្អប្រសើរបាន។

លោកបន្ដថា ដែលពីមុនៗសន្និបាត របស់សាលាឧទ្ធរណ៍ក្ដី ឬក្រៅពីសន្និបាតក្ដី សាលាឧទ្ធរណ៍តែងតែរៀបចំធ្វើសិក្ខាសាលាដើម្បី មានការចូលរួម ពីស្ថាប័នផ្សេងៗ ជជែកពិភាក្សារកដំណោះស្រាយ បញ្ហាប្រឈមជាហូរហែរ ដើម្បីឲ្យសាលាឧទ្ធរណ៍ អយ្យការ បានបំពេញកិច្ចការងាររលូន និងមានការចូលរួមសហការបានល្អប្រសើរ ទ្រទ្រង់គ្នាទៅវិញទៅមក សម្រេចបានគោលដៅបម្រើសេវា យុត្ដិធម៌ដោយមានតម្លាភាព ប្រកបដោយជំនឿទុក និងឆាប់រហ័ស ។

លោកបន្ថែមទៀតថា «ដូច្នេះ សន្និបាតរយៈពេលមួយថ្ងៃនេះ គឺជាពេលដ៏ខ្លីក្នុងការពិភាក្សា លើរបាយការណ៍ការងារសម្រាប់ មួយឆ្នាំ២០១៦ ប៉ុន្ដែខ្ញុំសង្ឃឹមថា សមាជិក សមាជិកាទាំងអស់ នឹងខិតខំផ្ដល់មតិយោបល់ពិភាក្សា រកដំណោះស្រាយសម្រេចទិសដៅ ការងារសម្រាប់ឆ្នាំ២០១៧នេះ ឲ្យកាន់តែមានលទ្ធផលប្រសើរថែមទៀត ឲ្យស្របនឹងខ្លឹមសារនៃកំណែទម្រង់ ប្រព័ន្ធយុទ្ធធម៌ និងច្បាប់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»

គួរម្លឹកថា រាល់លទ្ធផលនៃសន្និបាតរបស់សាលាឧទ្ធរណ៍ តែងតែមានការបោះពុម្ពជាសៀវភៅ និងផ្ញើរជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចយកបញ្ហាប្រឈមនោះ ទៅកែលម្អរ ការងារបំពេញឲ្យគ្នាទៅវិញទៅមកជាប្រចំា ប៉ុន្ដែចំពោះបញ្ហាប្រឈមខ្លះ នៅតែមិន អាចដោះស្រាយបញ្ហាបានដដែល ទោះបីជាមានការកត់សម្គាល់នៅក្នុងទិសដៅ ការងារឆ្នាំកន្លងទៅក៏ដោយ៕