(ភ្នំពេញ​)៖ ​ចាត់​ទុកថា​ជា​រឿង​មិន​ធ្លាប់​មាន​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ដែល​សំណុំរឿង​រដ្ឋប្បវេណី​មួយ​ ត្រូវ​បាន​លោក​ អ៊ុំ ចាន់​ថុល​ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ ផ្អឹប​ចោល​រយៈ​ពេល​ជិត៣ឆ្នាំ​ មិន​ព្រម​ប្រកាស​សាលក្រម​គិត​ចាប់​ពី​ថ្ងៃ​បញ្ចប់ការទាញ​ហេតុផល​ដោយ​ផ្ទាល់​មាត់​។​

បញ្ហា​នេះ​ចុងចម្លើយ​បាន​ប្តឹង​អន្តរាគមន៍​ទៅ ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ ដើម្បី​ឲ្យ​មាន​ការ​កំណត់​ពេល​ប្រកាស​សាលក្រម​ដោយ​ជាក់​លាក់​មួយ​ តែ​ចៅក្រម​បែរ​ជា​ប្រកាស​ថយ​ទៅ​នីតិវិធី​ត្រៀម​វិញ​ ធ្វើ​ឲ្យ​​ចុង​ចម្លើយ​មិន​សុខចិត្ត​ បាន​ប្តឹង​ដិតចិត្ត​ ឬ​ ផ្លាស់​ប្ដូរ​ចៅក្រម​រូប​នេះចេញ​ ដោយ​យល់​ថា​ មានភាពលំអៀង មិន​អាច​ផ្ដល់​យុត្តិធម៌​ឱ្យខ្លួនបាន​​ ។

ចុងចម្លើយ​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​យុត្តិធម៌​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មេត្តា​ជួយ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃចំណាត់ការនេះ​។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ឃឹម​ ស៊ាង​ហ៊ាវ​ អាយុ​៧៣ឆ្នាំ​ ដែលបាន​រង់​ចាំ​យុត្តិធម៌​មាន​ទីលំនៅ​ភូមិ​មេម៉ាយ​ ឃុំ​បឹងកុក​ ស្រុក​កំពង់​ចាម​ ខេត្ត​កំពង់ចាម​ បាន​រៀប​រាប់​ថា​ កាលពី​ថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១២​ សាលា​ដំបូង​ខេត្ត​កំពង់ចាម​ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ដើម​ចោទ​ឈ្មោះ​ សាន់​ គឹម​ស៊ីន​ ប្តឹង​ជំទាស់​នឹង​ការ​អនុវត្ត​សាលដីកា​របស់​សាលាឧទ្ធរណ៍​ ដោយ​មាន​សំណុំរឿង​រដ្ឋប្បវេណី​លេខ​ ១៩៩​ ចុះ​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១២​ ដែល​សំណុំរឿង​នេះ​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​របស់​លោក​ចៅក្រម​ អ៊ុំ​ ចាន់​ថុល​ ។​

ក្រោយ​ពី​បាន​ទទួល​សំណុំរឿង​នេះ​ លោក​ចៅក្រម​ អ៊ុំ ចាន់ថុល​ បាន​ចាត់​ការ​ជា​បន្តបន្ទាប់​ ហើយ​នៅ​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៤​ លោក​ចៅក្រម​ អ៊ុំ​ ចាន់ថុល​ បាន​ដឹកនាំ​ធ្វើ​នីតិវិធី​ទាញ​ហេតុផល​ដោយ​ផ្ទាល់​មាត់​​រួចហើយ​។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ រយៈពេល​ជាង​២ឆ្នាំ​៦ខែ​ មក​ហើយ​ ដែល​លោក​ចៅក្រមនៅ​មិន​ទាន់​បាន​ធ្វើ​ការ​វិនិច្ឆ័យ​សេចក្ដី​លើ​សំណុំ​រឿង​នេះ​ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់ចុងចម្លើយយ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ហេតុ​ថា​ សំណុំ​រឿង​នេះ​គឺជា​ឧបសគ្គ​ និង​បាន​រាំងស្ទះ​ដល់​នីតិវិធី​នៃការ​អនុវត្ត​របស់​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ អនុវត្ត​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ ជា​យូរ​អង្វែង​ហើយ​ដែរ​ ។

លោក​ ឃឹម​ ស៊ាង​ហ៊ាវ​ បន្ត​ថា​ ដោយសារតែលោក​ចៅក្រម​ អ៊ុំ ចាន់ថុល បានបញ្ចប់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់យូរឆ្នាំមកហើយ នៅមិនទាន់ប្រកាស​សាល​ក្រម ដូច្នេះហើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ភាគីលោក ក៏បានដាក់ពាក្យសុំ​អន្តរាគមន៍​ទៅ​លោកប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីជួយ អន្តរាគមន៍។ រហូត​ដល់​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ទើប​លោក​ចៅក្រម​ អ៊ុំ ចាន់ថុល​ បាន​កំណត់កាលបរិច្ឆេទនៃការ​ប្រកាស​សាលក្រម​​។​  ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​លោក​ចៅក្រម​ បាន​លើកពេលនិងកំណត់ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ជាថ្ងៃប្រកាសសាលក្រមជាថ្មីម្តងទៀត​។​

ជា​ការ​អស់​សង្ឃឹម​ជា​បន្តបន្ទាប់​ នៅ​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ លោក​ចៅក្រម​ អ៊ុំ ចាន់ថុល​ បែរ​ជា​សម្រេច​ប្រកាស​សាលក្រម​ ថយ​ទៅ​នីតិវិធី​ត្រៀម​វិញ​ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​លោក​ ឃឹម​ ស៊ាង​ហ៊ាវ​ សម្តែង​ការ​ងឿង​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​លោក​ចៅក្រម​ ចេះ​ជា​ពន្យារពេល​រហូត​យ៉ាង​ដូច្នេះ​ ឬ​មាន​ភាព​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នង​? ។

ដើម្បី​ទទួល​បាន​លទ្ធផល​ថា​ នរណា​ឈ្នះ​ ឬ​ នរណា​ចាញ់​ ក្នុង​រឿង​ក្ដី​ ប្តឹង​សុំ​គ្រប់គ្រង​ដី​នេះ​ លោក​ ឃឹម​ ស៊ាង​ហ៊ាវ​ បាន​សម្រេច​ចិត្ត​ចុងក្រោយ​គឺ​ប្តឹង​ដិតចិត​ ឬ​ ផ្លាស់​ប្ដូរ​ចៅក្រម​ អ៊ុំ ចាន់ថុល​ ចេញ​ ។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​រយៈពេល​ជិត ០២ខែ​ហើយ​ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ថា​ នឹង​ផ្លាស់ប្ដូរ​ចៅក្រម​ អ៊ុំ ចាន់ថុល​ នៅ​ឡើយទេ​។

គួរ​បញ្ជាក់​ថា​ ដើមចម​នៃ​សំណុំរឿង​នេះ​ គឺ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ សាន់​ គឹម​ស៊ីន​ ភេទស្រី​ អាយុ​៥១ឆ្នាំ​ ដែល​ប្តឹង​សុំ​ប្រគល់​ដី​ទំហំ​១៤,៨ម៉ែត្រ​ គុណ​ ៥២ម៉ែត្រ​ និង​ ផ្ទះ​លេខ​ E0E1 ដែល​មាន​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​កំពង់ចាម​ ចុះ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩០​ និង​ បង្កាន់​ដៃ​របស់​ការិយាល័យ​កសិកម្ម​ស្រុក​ ចុះ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​១៩៨៩​។ ប៉ុន្តែ​ពាក្យ​បណ្ដឹង​នេះ​ត្រូវ​បាន​លោក​ ឃឹម​ ស៊ាង​ហ៊ាវ​ អះអាងថា​ ជា​ការ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។

ពាក់ព័ន្ធ​ករណី​នេះ​ ពុំ​អាច​ទំនាក់ទំនង​លោក​ចៅក្រម​ អ៊ុំ ចាន់ថុល​ បាន​ទេ​។​ ប៉ុន្តែ​ Fresh News រង់ចាំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​គ្រប់​ពេលវេលា​៕