(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងចាប់ដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងពេញអង្គលើកទី២៣របស់ខ្លួន នាព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំនេះ មានអ្នកជំនាញជាតិ-អន្តរជាតិជាច្រើនប្រទេសចូលរួម ព្រមទាំងពិភាក្សាជាសំខាន់ លើបញ្ហាផ្សេងៗទាក់ទងនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព។ តាមទម្លាប់ មុនពេលចាប់ផ្តើមបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ អ្នកជំនាញការជាន់ខ្ពស់ ADHOC ផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍របស់អាយស៊ីស៊ី-អង្គរ តែងតែចុះទៅពិនិត្យ នៅតាមការដ្ឋានជួសជុល និងមើលការងារស្រាវជ្រាវផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មុនជាប្រចាំ ដើម្បីវាយតម្លៃ ណែនាំ និងពិនិត្យមើលការអនុវត្តនោះ តើត្រឹមត្រូវ និងអនុលោមតាមអនុសាសន៍ ដែលបានផ្តល់ឱ្យកន្លងមកដែរឬទេ?

ជាក់ស្តែងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ អ្នកជំនាញការជាន់ខ្ពស់អន្តរជាតិ ផ្នែកបេតិកភណ្ឌបានចុះ ទៅពិនិត្យមើលការដ្ឋានដែលកំពុងដំណើរ នៅក្នុងតំបន់អង្គរទាំងផ្នែកជួសជុល ទល់ទ្រ និងការដ្ឋានស្រាវជ្រាវមួយចំនួន ព្រមទាំងបានស្តាប់បទបង្ហាញពីអ្នកជំនាញ រួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធក្នុងកិច្ចការទាំងនេះផងដែរ។

ចំណែកនៅថ្ងៃទី២២ ដល់២៣ ខែមករា ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការ ADHOC ទាំងពីរផ្នែកនឹងសរសេររបាយការណ៍បច្ចេកទេស ដាក់ជូនអង្គប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដល់អ្នកទទួលខុសត្រូវ តាមការដ្ឋាននានារបស់ខ្លួន អនុវត្តការងារបន្តប្រកបដោយលក្ខណៈបច្ចេកទេស ធានាបាននូវសុវត្ថិភាពរបស់បេតិកភណ្ឌទាំងអស់។

គួររំឭកផងដែរថា គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) តែងតែបើកអង្គប្រជុំរបស់ខ្លួន២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យមើលការដ្ឋានជួសជុល បូកសរុបលទ្ធផលការងារ ផ្តល់អនុសាសន៍ និងតាមដានការផ្តល់អនុសាសន៍ ដែលអង្គរប្រជុំផ្តល់ឱ្យ ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តផែនការរៀបចំ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាន អង្គរប្រកបដោយចីរភាព៕
-