(ភ្នំពេញ)៖ លោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវីផុតអាណត្តិ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅឆ្នាំ២០១៦នេះ គណៈមេធាវី បានលុបឈ្មោះមេធាវីម្នាក់ ចេញពីបញ្ជីគណៈមេធាវី ហើយបានព្រមានដល់មេធាវី២នាក់ថែមទៀត ដោយសារតែរូបគាត់បានប្រព្រឹត្តខុសនឹងច្បាប់ និងក្រមសីលធម៌មេធាវី។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៦នេះ គឺយើងបានលុបឈ្មោះម្នាក់ ដោយសារតែគាត់បានបំពានលើ ច្បាប់ស្តីពីលក្ខខន្តិកៈមេធាវី និងក្រមសីលធម៌ ហើយសម្រាប់អ្នក​ផ្សេងទៀត មានត្រឹមតែព្រមានទេ។ ព្រមានគឺមាន២នាក់»។

លោក ប៊ុន ហ៊ុន បានថ្លែងបែបនេះ នៅក្នុងកម្មវិធី​ផ្ទេរ​តំណែង​ ប្រធានគណៈមេធាវី នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា ឆ្នាំ២០១៧​នេះ​ ​នៅ​សណ្ឋាគារ​សូហ្វីតែល​ ភូគី​ត្រា។ កម្មវិធីនេះត្រូវបានធ្វើឡើង ក្រោម​អធិបតីភាព​ លោក​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៊ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ជា​តំណាង​​លោក​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ដោយមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង និង លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ក្រៅពីការលុបឈ្មោះ និងព្រមានដល់មេធាវីនេះ នៅក្នុងចង្កោមគណៈមេធាវី ក៏មានសមាជិកគណៈមេធាវីម្នាក់បានព្យួមុខងារផងដែរ។ លោក ប៊ុន ហ៊ុន បញ្ជាក់ថា ការព្យួរមុខងារនេះ ដោយសារតែមានការពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌនៅតុលាការ៕