(ភ្នំពេញ)៖ នាយិកាធនាគារអាមេរិកប្រចាំនៅទីក្រុងហុងកុង លោកស្រី Margaret Ren បានសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាថា លោកស្រីនឹង​ប្រឹងប្រែងជួយជំរុញវិនិយោគិនអាមេរិក ឲ្យពិនិត្យលទ្ធភាពដើម្បីវិនិយោគនៅកម្ពុជា។

ការសន្យាបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Margaret Ren នៅក្នុងទីក្រុង Davos ប្រទេសស្វីស ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Margaret Ren ក៏ដូចជាមេដឹកនាំពិភពលោកជាច្រើនទៀតចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។

យោងតាមការចេញផ្សាយលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកស្រី Margaret Ren បង្ហាញការ អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ពិសេសលើគម្រោងខ្សែក្រវាត់មួយផ្លូវមួយ។ លោកស្រីថា នឹងជួយជំរុញក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍ ប្រើប្រាស់មូល​និធិខ្សែក្រវាត់មួយ ផ្លូវមួយ មកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។

លោកស្រី Margaret Ren បានបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០១៧ នឹងមានកិច្ចប្រជុំមួយពាក់ព័ន្ធយន្តការខ្សែក្រវាត់មួយផ្លូវមួយ។ តាមរយៈកិច្ចប្រជុំនេះ លោកស្រី Margaret Ren សន្យាខិតខំជួយជំរុញអ្នកវិនិយោគ ចុះសិក្សាពិនិត្យលទ្ធភាពវិនិយោគក្នុងប្រទេសកម្ពុជា លើវិស័យថាមពល សំណង់ និងវិស័យ ហិរញ្ញវត្ថុ។

បើតាមលោកស្រី Margaret Ren  មានក្រុមហ៊ុនអាមេរិកដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital) លើវិស័យកសិកម្ម ក្នុងការសិក្សាដី និងទឹក នឹងចុះមកសិក្សាមុនគេក្នុង ប្រទេសកម្ពុជានលើការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មដ៏ទំនើបនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងស្វាគមន៍ចំពោះគំនិតយោបល់ដ៏ល្អរបស់លោកស្រី Margaret និង ស្វាគមន៍ក្រុមហ៊ុនវិនិយោគធំៗ ដែលចាប់អារម្មណ៍​គោលនយោបាយ​រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបើកទ្វារស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកកម្ពុជា បានប្រើមូលនិធិខ្សែក្រវាត់មួយ ផ្លូវមួយ ក្នុងការអនុវត្តគម្រោងមួយចំនួន ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងដំណើរនៃ​គម្រោងសាងសង់ និងការវិនិយោគ ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ និងគម្រោងវិនិយោគជាច្រើនទៀត៕