(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជារដ្ឋមន្រ្តីវ័យក្មេងជាងគេក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការយល់ឃើញថា បុគ្គលម្នាក់​ដែលស្រឡាញ់ជាតិ ឬស្នេហាជាតិ មិនចាំបាច់ដល់ថ្នាក់ធ្វើការងារធំដុំណាស់ណានោះទេ សូមត្រឹមជាបុគ្គលម្នាក់អាចរកចំណូលសម្រាប់ទ្រទ្រង់ខ្លួនឯង សម្រាប់សង្គមគ្រួសារ ហើយជួយអប់រំបណ្តុះបណ្តាលកូនៗឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម គឺជាការចូលរួមចំណែកធំសម្រាប់សង្គមជាតិ។

លោក សាយ សំអាល់ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទព័ត៌មានមួយ ដើម្បីឆ្លើយបំភ្លឺលើបញ្ហាជាច្រើនពាក់ព័ន្ធបញ្ហាបរិស្ថាន ក៏ដូចជាការការ​ពារ​ជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកព័ត៌មានមកពីស្ថាប័នជាច្រើននៅកម្ពុជា ត្រូវបានបើកឲ្យសាកសួរយ៉ាងទូលំទូលាយ។

ក្រៅពីសំណួរពាក់ព័ន្ធបញ្ហាបរិស្ថាន សំណួរពាក់ព័ន្ធនិងការងារ ក៏ដូចជានយោបាយ ក៏ត្រូវបានបើកឲ្យសាកសួរផងដែរ។ ដោយសារតែលោក សាយ សំអាល់ ជារដ្ឋមន្រ្តីវ័យ​ក្មេង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ អ្នកព័ត៌មាន ក៏បានចោទសួររូបលោកថា តើជាយុវជនម្នាក់តើគួរគិត និងធ្វើអ្វីខ្លះ​សម្រាប់ប្រទេសជាតិ? តើត្រូវគិតពីរឿងនយោបាយ ឬ រឿងសេដ្ឋកិច្ច?

ដោយសារពេលវេលាខ្លី លោក សាយ សំអាល់ មិនបានឆ្លើយឲ្យបានវែងឆ្ងាយនោះទេ លោកបានឆ្លើយយ៉ាងខ្លីបែបនេះថា «យុវជនត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវមាន​ការទទួល​ខុសត្រូវចំពោះសង្គមជាតិរបស់យើង។ សំខាន់បំផុតបើយើងស្រឡាញ់ជាតិ ស្នេហាជាតិ រកចំណូលទ្រទ្រង់ខ្លួនឯងបាន ធ្វើម៉េចទ្រទ្រង់គ្រួសារ​ខ្លួនឯងបាន ធ្វើម៉េចបណ្តុះបណ្តាលអប់រំកូនខ្លួនឲ្យក្លាយជាពលរដ្ឋល្អដូចខ្លួន សម្រាប់ខ្ញុំរឿងនេះ គឺជារឿងសំខាន់»

លោក សាយ សំអាល់ មានវ័យប្រមាណ៣៦ឆ្នាំ ជាកូនទី២ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជាផងដែរ។ ការទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានទាំងវ័យក្មេងបែបនេះ នាំឲ្យមានការលើកឡើងជាច្រើនថា លោកឈានជើងចូលកាន់តំណែងរដ្ឋមន្រ្តីរបស់លោក សាយ សំអាល់ ក៏ព្រោះតែចំហាយឥទ្ធិពលរបស់ឪពុក ដែលជាអ្នកមានឥទ្ធិពលមួយរូបទាំងក្នុងជួរបក្ស និងក្នុងស្ថាប័នរបស់រដ្ឋ។

អ្នកព័ត៌មានបានចោទសួរថា តើលោករដ្ឋមន្រ្តី មានការអាក់អន់ស្រពន់ចិត្តដែរឬទេ នៅពេលលើកឡើងបែបនេះ?

ឆ្លើយសំណួរនេះ លោករដ្ឋមន្រ្តីថា ក្នុងនាមជាមនុស្សម្នាក់មានបេះដូង មានសាច់ឈាម ក៏បានធ្វើឲ្យរូបលោកមានការសៅហ្មងក្នុងចិត្តខ្លះផងដែរ តែដើម្បីសង្គមជាតិ លោកក៏បានប្រែក្លាយការឈឺចាប់​នេះ​ទៅជាឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ហើយទីបំផុតរូបលោក និងមន្រ្តីរបស់ក្រសួង​បរិស្ថានបានប្រឹងប្រែង​រួមគ្នាសម្រេចសមិទ្ធផលការងារសម្រាប់សង្គមជាតិក្នុងរយៈពេលជិត៤ឆ្នាំមកនេះ។

លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ធម្មតាយើងជាមនុស្សដូចគ្នា កាលណាមានការចោទប្រកាន់មកអ៊ីចឹង យើងក៏មានការសៅហ្មងខ្លះក្នុងចិត្តរបស់យើង ក៏ប៉ុន្តែយើង​ត្រូវ​យល់អីចេះការងារចំពោះមុខ ដែលត្រូវធ្វើ ដែលត្រូវដោះស្រាយចំពោះសង្គមជាតិរបស់យើង អ៊ីចឹងយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច ប្រែក្លាយ​ឧបសគ្គ​ទាំងអស់​នោះទៅជាឱកាសវិញ។ ហើយជាមោទនភាពរបស់ក្រសួងបរិស្ថាន​ក្រោមការខិតខំប្រឹង​ប្រែងរបស់មន្រ្តីគ្រប់​លំដាប់ថ្នាក់ក្នុងក្រសួង​បរិស្ថាន ៣ឆ្នាំកន្លងទៅនេះ យើងគិតថា យើងបានធ្វើឲ្យមានការប្រែប្រួល និងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនយើង ហើយនេះជាមរតកដ៏ធំមួយ ដែលក្រសួងយើង​បានធ្វើ»

ឆ្នាំ២០១៣ ត្រូវបានគេមើលឃើញថា ជាឆ្នាំប្រែប្រួលដ៏ខ្លាំងមួយក្នុងឆាកនយោបាយកម្ពុជា សកម្មភាពនយោបាយហាក់មានសភាពផុលផុសខ្លាំង ទៅលើបញ្ហាន​យោ​បាយ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ  គឺគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់គ្រងអាសនៈនៅក្នុងរដ្ឋសភារហូតដល់ទៅ ៩០អាសនៈនោះ ប្រែជាបាត់បង់​អស់​រហូតដល់ទៅ ២២អាសនៈ ពោលគណបក្សប្រជាជនកម្ពុជាទទួលបានតែ ៦៨អាសនៈប៉ុណ្ណោះក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៣នេះ។

អ្នកព័ត៌មានបានសួរលោក សាយ សំអាល់ ថា មើលឃើញ និងដកពិសោធន៍បានអ្វីខ្លះពីឆាកនយោបាយក្នុងឆ្នាំ២០១៣នេះ?

លោក សាយ សំអាល់ មិនបានឆ្លើយអ្វីវែងឆ្ងាយនោះឡើយ លោក បានឆ្លើយយ៉ាងខ្លីថា នយោបាយនៅឆ្នាំ២០១៣ គឺជាសាលានយោបាយដ៏ធំមួយសម្រាប់រូបលោក ក៏ដូចជាមន្រ្តីដទៃទៀត។

លោក សាយ សំអាល់ ត្រូវបានសាធារណជនវាយតម្លៃថា ជារដ្ឋមន្រ្តីមួយរូប ដែលបានចូលរួមធ្វើកំណែទម្រង់ច្រើននៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល អាណត្តិពោរពេញដោយការធ្វើកំណែទម្រង់។

លោក សាយ សំអាល់ ជាកូនថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាមួយរូប ដែលទទួលបានការសិក្សានៅប្រទេសសិង្ហបុរី តាំងពីថ្នាក់ទី៦ រហូតដល់ថ្នាក់ទី៩ ហើយបានបន្ដការ​សិក្សាថ្នាក់ទី១០ ដល់ទី១២ នៅប្រទេសអូស្ដ្រាលីដោយតម្រង់ទិសខាងផ្នែកជីវសាស្ដ្រ។ លោក សាយ សំអាល់ ក៏បានបន្ដការសិក្សាថ្នាក់វិទ្យាល័យ ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងជាប់ជាបេក្ខភាពបណ្ឌិតជំនាញជីវសាស្ដ្រនៅប្រទេសអូស្ដ្រាលីផងដែរ៕