(ភ្នំពេញ)៖ ក្រោមការរៀបចំរបស់ផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា សិស្សានុសិស្សជាង៣០០នាក់ មកពីវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យ​ចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែង បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីដំណើរការ ជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និងទស្សនាសារមន្ទីរ ប្រល័យ​ពូជសាសន៍​ទួលស្លែង និងវាលពិឃាតបឹងជើងឯក។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ សិស្សានុសិស្សនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែម នូវចំណេះដឹងផ្នែក​ប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ ពិនិត្យមើលទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលបន្សល់ទុកពីរបបខ្មែរក្រហម និងការចងចាំរឿងរ៉ាវអតីតកាល។

លោក នេត្រ ភក្ត្រា បានជម្រាបជូនសិស្សានុសិស្ស អំពីដំណើរការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានកំណត់​ដោយដែន​យុត្តាធិការ របស់តុលាការដោយជំនុំជម្រះក្តី តែទៅលើជនពីរជំពូកប៉ុណ្ណោះ គឺអតីតមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុង ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ​បំផុត ដែលប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

មន្ត្រីនាំពាក្យដដែលក៏បានពន្យល់ សិស្សានុសិស្សផងដែរ អំពីដំណើរការនីតិវិធីដែល បានអនុវត្តនៅសាលាក្តីខ្មែរក្រហម ក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌ជូន​ប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ការជំនុំជម្រះក្តីនេះ គឺសម្រាប់ប្រជាជនកម្ពុជា។ សាលាក្តីខ្មែរក្រហមនេះ គឺជាតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិមួយ ដែល​ត្រូវបានគេមើលឃើញថាជា មធ្យោបាយមួយដើម្បីផ្តល់ឱកាស ឱ្យមានការចូលរួមពេញទំហឹង ពីសំណាក់ប្រជាជនកម្ពុជា ហើយទន្ទឹមនេះ ធានាឱ្យបានតាម​បទដ្ឋាន​អន្តរជាតិ។

លោកបានបញ្ជាក់ថា ចាប់តាំងពីដំណើរការរហូតមកទល់ពេលនេះ សាធារណជនជាង៣៥ម៉ឺននាក់ បានមកចូលរួមស្តាប់សវនាការ និងទស្សនកិច្ចសិក្សា​ដោយផ្ទាល់នៅ​សាលាក្តីខ្មែរក្រហម។ ចំនួននេះគឺបញ្ជាក់ពីការចូលរួមយ៉ាងច្រើន លើសលុបរបស់សាធារណជន ក្នុងដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម បើប្រៀបធៀប​ទៅនឹងតុលាការ អន្តរជាតិដទៃទៀត។

ការចូលរួមគាំទ្រដ៏ច្រើននេះ ត្រូវបានលោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ដោយសារតែសាលាក្តីខ្មែរក្រហមមានទីតាំង នៅកម្ពុជាជាកន្លែងដែលឧក្រិដ្ឋកម្ម បានកើតឡើង មនុស្សជាច្រើនលាននាក់ បានស្លាប់បាត់បង់ជីវិត ហើយពលរដ្ឋកម្ពុជាទាំងអស់សុទ្ធ តែទទួលរងដោយផ្ទាល់ និងដោយប្រយោលពីឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយ​របបខ្មែរក្រហម ហើយពួកគាត់មានការចាប់អារម្មណ៍ ចង់ស្វែងយល់ និងបានឃើញពីដំណើរការតុលាការ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមរំពឹងថា សិស្សានុសិស្សដែលបានចូលរួម ក្នុងដំណើរទស្សនកិច្ចសិក្សា និងការស្តាប់ការធ្វើបាឋកថា និងការទស្សនាទីតាំង​ឧក្រិដ្ឋកម្មនានា​នេះ នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ទៀតទាក់ទងនឹងរឿងរ៉ាវ ដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម និងពង្រឹងការចងចាំប្រវត្តិសាស្ត្រកម្ពុជាផងដែរ៕