(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា និង ក្រុមហ៊ុនចិន CHMC បានចុះកិច្ចព្រមព្រៀងផ្ដល់អាហារូបករណ៍ សម្រាប់ការអភិវឌ្ឍន៍ទេពកោសល្យ ដល់បុគ្គលិកអគ្គិសនីកម្ពុជា ដើម្បីទៅសិក្សានៅក្នុងប្រទេសចិន។

ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោមការចូលរួម លោក កែវ​ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក Li An អគ្គនាយក ក្រុមហ៊ុន CHMC ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

ការផ្ដល់អាហារូបករណ៍នេះ ដើម្បីរឹតបន្ដឹងចំណងមិត្តភាព និងកិច្ចសហការឲ្យបានកាន់តែល្អ ព្រមទាំងនាំមកនៅបច្ចេកវិទ្យា ផ្នែកថាមពលអគ្គិសនីដ៏ទំនើបរបស់ចិន និងដើម្បីបណ្ដុះបណ្ដាល អ្នកជំនាញបរិក្ខាអគ្គិសនី និងជំរុញការអភិវឌ្ឍថាមពល អគ្គិសនីកម្ពុជា ឲ្យបានកាន់តែលឿន និងដើម្បីបន្ដនៅភាពស៊ីជម្រៅ របស់ក្រុមហ៊ុនទាំងពីរ ព្រមទាំងសម្រេចគោលដៅ គ្រប់ភូមិស្រុកទាំងអស់នៅកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ក្នុងឆ្នាំ២០៣០។

ក្នុងឱកាសនោះ លោក កែវ រតនៈ បានសម្ដែងនូវសេចក្ដីត្រេតអរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន CHMC ដែលបានផ្ដល់អាហាររូបករណ៍ដល់បុគ្គលិក​អគ្គិសនីកម្ពុជា ទៅសិក្សានៅក្នុងប្រទេសចិន។

លោក Li An បានថ្លែងថា ការផ្ដល់អាហារូបករណ៍នេះ គឺជាគម្រោងបណ្ដុះបណ្ដាលអនុបណ្ឌិតដែលចែកចេញជា៣វគ្គ ស្មើនឹង៩រូប និងការសិក្សាវគ្គខ្លី បណ្ដុះបណ្ដាល ជំនាញជាន់ខ្ពស់ សម្រាប់បុគ្គលិកអគ្គិសនីកម្ពុជាជាច្រើនរូបផងដែរ។ ការផ្ដល់អារូបករណ៍នេះ មានន័យថា ជាការ​សហការរវាងប្រទេសទាំងពីរ ឈានទៅរកកម្រិតថ្មីមួយទៀត។

សូមជម្រាបថា ក្រុមហ៊ុនចិន CHMC ជាក្រុមហ៊ុនទទួលបានគំរោងសាងសង់ខ្សែបញ្ចូនជាច្រើន និងគំរោង BOT វារីអគ្គិសនីស្ទឹងតាតៃផងដែរ៕