(ភ្នំពេញ)៖ បន្ទាប់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹងដំណឹង​ថា មានយុវតីម្នាក់ពិការភាពតាំងពីកំណើត រស់នៅក្នុងគ្រួសារ ក្រលំបាកជីវភាពខ្លះខាតនោះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ លោក​​បានយកអំណោយ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារយុវតីពិកាភ្លាមៗដល់លំនៅដ្ឋាន។

នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកស្រី អ៊ឹម ថាវីជា អនុសាខាកាកបាទក្រហមកម្ពុជា លោកស្រី ឃឹម ស៊ុននី អភិបាលរងខណ្ឌ ព្រះចៅអធិការ វត្តតាំងក្រសាំងខាងជើង មន្ត្រីសាលាខណ្ឌ និងសង្កាត់ជាច្រើនរូបផងដែរ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ទីណាមានការលំបាក ទីនោះនឹងមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនទុកដោយពលរដ្ឋណាម្នាក់ ដាច់ពោះឡើយ។ អំណោយដែលប្រគល់ជូនក្នុង​ឱកាសនោះ រួមមាន អង្ករ៥០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ថវិកា​៥៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា យុវតីម្នាក់​គួរឲ្យអាណិតណាស់ ពិការភាពតាំង​ពីកំណើត រស់ក្នុងគ្រួសារដែល​មាន​ជីភាពខ្វះខាត ដោយឪពុករត់ម៉ូតូឌុប ដើម្បីចិញ្ចឹមគ្រួសារ ដែលមាន​សមាជិក​៥នាក់ ខណៈដែលម្ដាយមិនអាច​ប្រកបរបរអ្វីបានព្រោះនៅមើលថែកូនស្រីពិការរយៈពេល​២១​ឆ្នាំហើយ ពេលកំពុងដង្ហើយរកសប្បុរជន។ គ្រួសារអភ័ព្វមួយនេះ មានទីលំនៅ ផ្ទះលេខ៥៤ ក្រុមទី២ ផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីដែលគួរឲ្យអាណិតឈ្មោះ ហ៊ុល ស្រីណែត អាយុ២១ឆ្នាំ ជាកូនច្បង​ក្នុងចំណោមកូន៣នាក់ ស្រីទាំង៣ មានម្តាយឈ្មោះ ហ៊ុ ស្រីលុយ អាយុ៤០ឆ្នាំ ​ដោយមើល​ថែនាង​ពិការតាំងពីចាប់កំណើត មកទល់ពេលនេះរយៈពេល២១ឆ្នាំហើយ ដែលមានឪពុកឈ្មោះ ហ៊ុល សារិន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់ជីវភាព។

ម្តាយក្មេងស្រី បានរៀបរាប់ទាំងទឹកភ្នែកថា ​គាត់បានរៀបការជាមួយស្វាមីរបស់គាត់អស់រយៈពេលជាង២០ហើយ រហូតមកដល់សព្វថ្ងៃ គាត់មានកូនស្រី៣នាក់ ហើយកូន​ដែលអភ័ព្វជាង គឺកូនច្បងឈ្មោះ ហ៊ុល ស្រីណែត ពិការតាំងពីកើតមកម្ល៉េះ និងប្អូនស្រី២នាក់ទៀត នៅរៀន ហើយគាត់បានចំណាយពេល២១ឆ្នាំហើយ ដើម្បីមើលថែកូនស្រីច្បង មិនបានជួយរកស៊ីអ្វីនោះទេ ​ដោយប្តីរបស់គាត់រត់ម៉ូតូឌុបចិញ្ចឹមគ្រួសារ តែម្នាក់ឯង៕