(ភ្នំពេញ)៖ សំណុំរឿងលួច និងលាងលុយកង្វក់ របស់បុរសស្បែកខ្មៅ និងជនជាតិខ្មែរម្នាក់ ត្រូវបានបញ្ចប់សវនាការហើយ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា នឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលបញ្ចប់សវនាការទើបដឹងថា បុរសស្បែកខ្មៅជាប់ចោទទាំង៦នាក់រួមទាំង បុរសខ្មែរម្នាក់ផង គឺជាក្រុមចោរលួចលេខកូដសម្ងាត់របស់ធនាគារទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស និងលាងលុយតាម រូបភាពទិញទំនិញពីបរទេសផ្ញើចូលមកកម្ពុជា លក់យកប្រាក់ផ្ញើទៅក្រៅប្រទេសវិញ ដោយប្រើប្រាស់ទឹកប្រាក់ ដែលពួកគេលួចពី គណនីរបស់អតិថិជននៅក្នុងធនាគារ។ ទោះបីយ៉ាងណា នៅក្នុងសវនាការកន្លងមក តុលាករមិនបានបង្ហាញទិន្ន័យពិតប្រាកដ ណាមួយដែលខូចខាតដោយអំពើ របស់ក្រុមជនជាប់ចោទឡើយ។

សូមបញ្ជាក់ថា សំណុំរឿងបុរសស្បែកខ្មៅសញ្ជាតិនីហ្សេរីយ៉ា៦នាក់ និងខ្មែរម្នាក់ បានឃុបឃិតលួចលេខកូដសម្ងាត់របស់ធនាគារ មួយចំនួន លួចដកប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យាស្វ័យប្រវត្តិ ត្រូវបានចៅក្រមសាលាដំបូង លើកយកមកបើកសវនាការបន្ត សួរដេញដោល លើជនជាប់ចោទទាំង៧នាក់នាព្រឹកថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។

នៅក្នុងសវនាការនា ជនជាប់ចោទទាំងនេះ មិនឆ្លើយសារភាពពីការលួច ឬរបៀបលួចលេខកូដសម្ងាត់របស់ធនាគារទេដោយពួកគេ ម្នាក់ៗ បានអះអាងថា ពួកគេសុទ្ធតែជាកីឡាករបាល់ទាត់ដែលមកហ្វឹកហាត់ប៉ុណ្ណោះ។

ជនជាប់ចោទខ្លះថា ពួកគេមករស់នៅប្រទេសកម្ពុជា ដើម្បីរង់ចាំការចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី ព្រោះនៅកម្ពុជា មានស្ថានទូត អូស្ត្រាលីនៅភ្នំពេញ។ ចំណែកអ្នកខ្លះទៀតឆ្លើយថា ពួកគេមានភរិយាជានារីខ្មែរ មានមុខរបរលក់នាឡិកា និងលក់សម្លៀកបំពាក់ជាដើម។

ជនជាប់ចោទទាំង៧នាក់ ដែលតុលាការកាត់ទោសនេះរួមមាន៖ ១-ឈ្មោះ ODEBUNMI OLASUNKANMIFRANK អាយុ៣២ឆ្នាំ ២-ឈ្មោះ ADEMILUYI GBENGA ADEGOKE ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះ TAIWO TEMITOPE OLAKUNLE អាយុ៣០ឆ្នាំ ៤-ឈ្មោះ NJOKU DAVID ភេទប្រុស អាយុ២៧ឆ្នាំ ៥-ឈ្មោះ ODEBUNMI OLUWANIFISE OLUWASESAN អាយុ៤៤ឆ្នាំ ៦-ឈ្មោះ ABODUNRINSEYI ABODUNDE ភេទប្រុស អាយុ៣៩ឆ្នាំ និង៧-ឈ្មោះ អ៊ឹង វណ្ណៈ អាយុ២៩ឆ្នាំ៕