(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំងហុង បានរំលឹកឡើងវិញ ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបប ប៉ុល ពត និងក្រោយថ្ងៃរំដោះ៧ មករា​ ឆ្នាំ១៩៧៩ ប្រាប់ លោក Roman Paramonov ប្រធានកាកបាទក្រហមអន្ដរជាតិ ប្រចាំនៅកម្ពុជា បញ្ចប់អាណត្តិ ដែលចូលជំរាបលា និងណែនាំ លោក Bart Vermeiren ប្រធានថ្មី ដែលចូលមកជំនួស។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៧នេះ ក្រោយបញ្ចប់ជំនួបនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា «ពេលដែលខ្មែរក្រហមរលប់ទៅ ប្រជាជនខ្មែរាប់លាននាក់ ដែលត្រឡប់មកពីជំរុះការងារទូទាំងប្រទេសវិញ មកដល់ភូមិ គ្មានអ្វីទាំងអស់ គឺដៃទទៃរលីងរកតែចានមួយ ស្លាបព្រាមួយក៏គ្មាន ហើយអង្ករមួយគ្រាប់ក៏គ្មាន ដូច្នេះពេលនោះគ្រោះថ្នាក់ធំបំផុត ស្លាប់រស់ របស់ប្រជាជនកម្ពុជា គឺការអត់ឃ្លាន»។

ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា កាលណោះ លោកធ្វើការជាមួយអង្គការអន្ដរជាតិជាច្រើន ដើម្បីទទួលជំនួយមកជួយប្រជាជនកម្ពុជា ហើយស្របពេលនោះកាកបាទក្រហមអន្ដរជាតិ បានមកដល់ភ្លាមក្រោយខ្មែរក្រហមបានដួលរលំ ហើយ អង្គការ Unicef រួមទាំងអង្គការអន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាល ច្រើនទៀតផងដែរ បានមកជួយកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែលជួបសំណេះសំណាលតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កាកបាទក្រហមអន្ដរជាតិ ដែលជួយកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយសពថ្ងៃនេះកាកបាទក្រហមអន្ដរជាតិ ក៏នៅតែបន្ដជួយកម្ពុជាទៀត ដែលបេសសកម្មអន្ដរជាតិ បានធ្វើការយ៉ាងជិតស្និតជាមួយ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ហើយបន្ដជួយប្រជាជនកម្ពុជាមិនឈប់ឈរ មិនប្រកាន់សាសនា និន្នាការនយោបាយឡើយ។

ជាមួយគ្នានោះ ប្រធានកាកបាទក្រហមអន្ដរជាតិចាស់ ដែលលាចេញទៅ និងកាកក្រហមអន្ដរជាតិថ្មី​ ដែលចូលមក បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងកាកបាទក្រហមកម្ពុជា បានសម្រួលដល់ការងាររបស់ខ្លួន។

បន្ថែមពីនេះ ប្រធានកាកបាទក្រហមអន្ដរជាតិ ប្រចាំនៅកម្ពុជា បានសម្ដែងនូវការរីករាយ ដែលបានមកធ្វើការនៅកម្ពុជា ជួយដល់ប្រជាជនកម្ពុជា តាំងពីដំបូងរហូតមកទល់ពេលនេះ ដោយលោកសន្យាថា នឹងបន្ដខិតខំធ្វើការងារនេះ ឲ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លៀតក្នុង​ឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានឲ្យដឹងដែរថា កាកបាទក្រហមអន្ដរជាតិ បានបង្កើតរោងចក្រមួយនៅក្រសួងសង្គមកិច្ច ដែលធ្វើអាវៈជីវៈសិប្បនិមិត្ត ក្នុងរោងចក្រនោះមានសម្ភារៈទំនើបៗ និងថ្លៃៗណាស់ ដើម្បីផលិតអាវៈជីវៈនេះ ដែលផលិតបានមកមានគុណភាពល្អ ដូចនៅបរទេសយ៉ាងដូច្នេះ ហើយស្របពេលនោះដែរ កាកបាទក្រហមអន្ដរជាតិ មានបំណងយកផលិតផលដែលផលិតបាននេះ ទៅលក់នៅប្រទេសក្រៅផងដែរ៕