(ភ្នំពេញ)៖ ពិតជារឿងមួយនឹកស្មានមិនដល់ សម្រាប់តារាចម្រៀងជើងថ្មី និងជាម្ចាស់បទ «ទាល់តែយូរទើបស៊ីអូន​បាន» កញ្ញា ច័ន្ទ ម៉ាលីស បានទទួល​កាដូរ យ៉ាងគាប់ចិត្តក្នុង​ថ្ងៃខួបកំណើត​របស់នាង គឺគ្រឿងពេជ្រមួយឈុត មានតម្លៃប្រមាណ​ជាង២ម៉ឺនដុល្លារ និងការប្រគល់ជូននូវ​ហាងអាហារ ស្ថិតនៅក្នុងខេត្តព្រៃវែង ដែលមានតម្លៃជាង២០​ម៉ឺនដុល្លារ ឲ្យនាងក្លាយជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងផ្ទាល់ ខណៈការងារសិល្បៈរបស់នាង ក៏កំពុងមានសន្ទុះ គួរឲ្យកត់សម្គាល់។

ការប្រគល់ជូនកាដូ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺត្រូវបានប្រកាសឡើង ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ២២ឆ្នាំ របស់តារាចម្រៀង ច័ន្ទ ម៉ាលីស ដែលមហាជនស្គាល់នាងច្បាស់ តាមរយៈការបកស្រាយ​បទចម្រៀង មានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ធ្វើឲ្យទស្សនិកជនប្រតិកម្មយ៉ាងខ្លាំង ចំពោះអត្ថន័យ​បទចម្រៀង រហូតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសបិទមិនឲ្យចាក់ផ្សាយ​ បទចម្រៀងនេះ។

តារាចម្រៀងធ្មេញជំពើស កញ្ញា ច័ន្ទ ម៉ាលីស បានថ្លែងក្នុងទឹកមុខញញឹមញញែមថា បន្ទាប់ពីបទចម្រៀងរបស់នាង ត្រូវបានទទួលប្រតិកម្ម ពីមហាជន រហូតដល់ថ្នាក់ក្រសួងប្រកាសបិទ មិនឲ្យចាក់ផ្សាយមក បានធ្វើឲ្យរូបនាង​ត្រូវ​បាន​គេស្គាល់ច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាប់ជូននាងបានហក់ចូល​ ក្នុង​ផលិតកម្ម BN បន្ថែមទៀត ធ្វើឲ្យនាងមានទ្រនំ​ត្រឹមត្រូវ​​ក្នុងការចេញបទចម្រៀង Original Song វាយលុកក្នុងទីផ្សារ ពង្រឹងប្រជាប្រិយភាពខ្លាំងឡើង​​បន្ថែមទៀត។ ជាការពិតទោះបីបទចម្រៀង របស់នាង «ទាល់តែយូរទើបស៊ីអូនបាន» ត្រូវបានគេប្រ​តិកម្ម ប៉ុន្តែ​នាងក៏អរគុណ ចំពោះបទនេះ ដែលធ្វើឲ្យគេស្គាល់នាង រហូតមានមហាជន​ខ្លះ តែងតែសំណូមពរឲ្យនាងច្រៀងបទនេះ ពេលចូលរួមក្នុងកម្មវិធីតូចធំផ្សេងៗ។

ងាកមកចាប់អារម្មណ៍ ក្នុងពិធីខួបកំណើតឯណេះវិញ តារាចម្រៀង កញ្ញា ច័ន្ទ ម៉ាលីស បានឲ្យដឹងថា នាងពិតជាសប្បាយរីករាយរកអ្វី ប្រៀបផ្ទឹមពុំបាន ដែលទទួលបានការលើកទឹកចិត្ត រហូតផ្ដល់ជូនជាកាដូរ មានតម្លៃជាទឹកប្រាក់​ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលជាកាដូរលើកដំបូងក្នុងជីវិតរបស់នាង។ ក្នុងចំណោមកាដូរ​​ដែលនាងទទួលបាននោះ គឺមានខ្សែក ខ្សែដៃ ក្រវិល និងចញ្ចៀនពេជ្រ សរុបមានតម្លៃ១៧៥០០ដុល្លារអាមេរិក និងការប្រគល់ហាងអាហារ​មួយកន្លែង​ក្នុងខេត្តព្រៃវែង ឲ្យនាងគ្រប់គ្រងផ្ដាច់មុខ ​ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ឲ្យនាងក្លាយជាម្ចាស់កម្មសិទ្ធផ្ទាល់​តែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកពិសេសរបស់នាង ពុំមែនគូសង្សារ ឬបុរសជាគូកំណាន់ចិត្តអ្វីនោះទេ ពោលគឺជាឪពុកម្ដាយរបស់នាង​ផ្ទាល់តែម្ដង ដែលបានផ្ដល់ទំនុកចិត្ត​ដល់រូបនាង និងជូនកាដូរ​ដ៏ច្រើនមហិមានេះ ខណៈការផ្ដល់ជូននេះ គឺពុំបានឲ្យនាងដឹងជាមុននោះទេ។

យ៉ាងណាមិញ ទោះបីចូលដល់ក្នុងវ័យ២២ឆ្នាំទៅហើយក្ដី ពេលសួរដល់អនាគតគូស្រករ ត្រូវបានតារាចម្រៀងរូបនេះ បញ្ជាក់ថា នាងមិនទាន់គិតគូអ្វីទាំងអស់ ព្រោះសំខាន់​គឺការងារសិល្បៈ ដែលនាងពេញចិត្តតាំងពីយូរណាស់មកហើយ ទទួលបាននូវភាពជោគជ័យ និងការគាំទ្រឲ្យមានឈ្មោះល្បី ដូចបណ្ដាអ្នកសិល្បៈដទៃ​ជាមុនសិន ចំណែករឿងគូអនាគត នាងមិនទាន់គិតទាន់ចង់បាន នៅពេលនេះទេ៕