(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបញ្ជាក់ថា បេក្ខជនដែលប្រឡង ចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំនួន០.០៥ភាគរយ ក្នុងចំណោមបេក្ខជនសរុបជាង២ម៉ឺននាក់ ត្រូវបានរកឃើញមានសារធាតុ ញៀនក្នុងខ្លួន។

ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបញ្ជាក់ទៀតថា នៅពេលនេះយុទ្ធនាការធ្វើតេស្ដ រកសារធាតុញៀន បាននឹងកំពុងអនុវត្តទៅលើអ្នកពាក់ពន្ធនាគារ និងអ្នកបើករថយន្ដប៉ុន្ដែ មិនទាន់បានលទ្ធផលសរុប នៅឡើយទេ ហើយការធ្វើតេស្ដរកសារធាតុញៀន ទៅលើកងកម្លាំងនគរបាល នៅទូទាំងប្រទេស ក៏មិនទាន់បានបង្ហាញពីតួលេខផងដែរ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសបណ្ដេញមន្ដ្រី នគរបាលម្នាក់នៅខេត្តកំពត ដែលចែកចាយគ្រឿងញៀន ចេញពីក្របខ័ណ្ឌ។

ក្នុងសេចក្ដីប្រកាសរបស់សម្តេចក្រឡាហោម បានបញ្ជាក់ថា «ព្រិន្ទបាលទោ ស៊ា សុខបញ្ញា អត្តលេខ៧៦៣៦០ មន្ដ្រីនៃស្នងការដ្ឋាន នគរបាលខេត្តកំពត ដោយរូបភាពដកហូតឋានន្ដរស័ក្ដិ និងបណ្ដេញចេញផុតពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ មូលហេតុជាប់ពាក់ព័ន្ធ ក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់»

ជាមួយគ្នានោះដែរ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ និងផ្ដាំផ្ញើដល់មន្ដ្រីនគរបាល នៃស្នងការដ្ឋានគរបាល ខេត្តកំពតថា «នេះជាមន្ត្រីទី១ នៃស្នងការដ្ផាននគរបាលខេត្តកំពត ដែលត្រូវបានលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នគរបាលជាតិ នៃស្នងការដ្ផាននគរបាលខេត្តកំពត ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ដែលនេះគឺជាសារជូនដល់ប្អូនៗ ដែលទើបប្រលង ជាប់ក្របខ័ណ្ឌថ្មី នៃស្នងការដ្ផាននគរបាលខេត្តកំពត ក្នុងករណីរកឃើញថា បេក្ខជននឹងបេក្ខនារីណាដែលប្រើប្រាស់គ្រឿងញៀន នៅពេលណាមួយនោះ លទ្ធផល និងទទួលបានដូចបុគ្គលខាងនេះ សូមប្អូនៗជៀសឲ្យឆ្ងាយពីគ្រឿងញៀន កសាងខ្លួនឲ្យល្អ សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»