(រតនគិរី)៖ ជម្លោះរវាងអ្នកម៉ៅការប្រមូលសំរាម និងក្រុមហ៊ុនវិនិយោគ បណ្តាលឲ្យប៉ះពាល់របររកស៊ីប្រចាំថ្ងៃរបស់អាជីវករនៅផ្សារបានលុង ខេត្តរតនគិរី ដោយសារតែព្រលឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនម៉ៅការប្រមូលសំរាម បានដឹកសំរាមជាច្រើនរថយន្ត មកចាក់គរនៅមុខស្នាក់ការផ្សារបានលុងបង្ករកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងមានសភាពការរញ៉េរញ៉ៃដល់ក្រុមអាជីវករចូលមកលក់ដូរក្នុងផ្សារបានលុង និងអ្នកធ្វើដំណើរចេញ-ចូលផ្សារទិញសម្ភារៈផ្សេងៗ។

លោកឧកញ៉ា សា លាង ប្រធានក្រុមហ៊ុនវិនិយោគផ្សារ បានឲ្យដឹងថា ដោយមូលហេតុពួកគេយកសម្រាមចាក់មុខផ្សារយ៉ាងច្រើនបែបនេះ គេទាមទារថាខាងក្រុមហ៊ុនជំពាក់លុយ ក្រុមហ៊ុនម៉ៅការប្រមូលសំរាម។

លោកឧកញ៉ា បន្តថា ក្រុមហ៊ុនមិនបានជំពាក់លុយដូចការអះអាងរបស់ក្រុមហ៊ុនម៉ៅការប្រមូលសំរាមនោះទេ (លោក ជា គួង)នោះទេ ហើយថ្លៃប្រមូលសំរាមកន្លងមក ខាងក្រុមហ៊ុនទួទាត់ឲ្យអស់ហើយ ពោលគឺ១ខែ ៣លានរៀល និងកម្មករប្រមូលសំរាមខាងៗផ្សារក្នុង១ខែ ១លាន៨០ម៉ឺនថែមទៀតផង ហើយនៅពេលនេះដែរខាងលោក ជា គួង បញ្ជាឲ្យកម្មករប្រមូលសំរាមប្រមាណជាង១០នាក់ និងរថយន្តដឹកសំរាមចំនួន៣គ្រឿង យកសំរាមមកចាក់គរនៅមុខស្នាក់ការផ្សារ និងរថយន្តដឹកសំរាម៣គ្រឿងតំរៀបគ្នាដើម្បីបិទផ្លូវ។

ជាការកត់សំគាល់ក្នុងព្រឹក កើតហេតុពុំឃើញមានអាជ្ញាធរក្រុងបានលុង​ និងស្ថាប័នពាក់ព័ន្ធចុះមកធ្វើការសម្របសម្រួលដើម្បីឲ្យក្រុមអាជីវករចូលលក់ដូររបររកស៊ីប្រចាំថ្ងៃរបស់ពួកគាត់នោះទេ។

មន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងបានលុង បានលើកឡើងស្រដៀងគ្នាថា សូមឲ្យប្រមុខរាជរដ្ឋាភិបាលលុបចោលកិច្ចសន្យារវាងក្រុមហ៊ុនទាំង២ខាងលើ ព្រោះថាបង្កបញ្ហាមិនចេះចប់មិនចេះហើយ ដើម្បីផលប្រយោជន៍របស់ពួកគាត់រៀងៗខ្លួន បើទោះបីប្រមុខរាជរដ្ឋាភិបាលចេញសារាចរណែនាំអោយបញ្ឈប់យកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី ជាដើម ប៉ុន្តែក្រុមហ៊ុនទាំងពីរខាងលើ នៅតែបន្តយក​ជារៀងរាល់ថ្ងៃ ហើយចោទដាក់គ្នាទៅវិញទៅមក។

ពាក់ព័ន្ធជំលោះរវាងក្រុមហ៊ុនម៉ៅការប្រមូលសំរាម និងក្រុមហ៊ុនវិនិយោគផ្សារបានលុង ខាងលើនេះដែរ ភ្នាក់ងារ Fresh News មិនអាចសុំការ បំភ្លឺពីលោកជា គួង ប្រធានក្រុមហ៊ុនម៉ៅ ការប្រមូលសំរាមបានទេនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧៕