(ឧត្តរមានជ័យ)៖ បន្ទាប់ពីស្ថិតនៅដោយឯករាជ្យអស់រយៈពេលជាច្រើនឆ្នាំ ខណ្ឌរដ្ឋបាលព្រៃ ឈើ និងជលផលខេត្តបន្ទាយមានជ័យ ត្រូវបានទាញដាក់បញ្ចូល ក្រោម​ដំបូលមន្ទីរកសិកម្មវិញហើយ ក្នុងបំណងធ្វើឲ្យការអនុវត្តន៍ ការងាររវាងខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ជាមួយមន្ទីរកសកម្ម មានការស៊ីសង្វាក់​គ្នា​ឡើងវិញ។

ពិធីប្រកាសដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងជលផលខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តី រាជការ ខេត្តជាច្រើនរូបទៀត។

ក្រៅពីការប្រកាសដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងជលផលទៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មហើយនោះក៏មានការ ប្រគល់ត្រាដែលទើបកែប្រែថ្មីជូនទៅ​ប្រធាន​មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យផងដែរ។

លោក ណៅ ធួក បានផ្តាំផ្ញើទៅដល់ប្រធានមន្ទីរកសិកម្ម ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ដែលធ្លាប់តែនៅឯករាជ្យ ត្រូវ សហការជាធ្លុង ហើយត្រូវរួបរួមគ្នា​ប្រឹងប្រែង​ធ្វើការងារឲ្យបានល្អប្រសើរ។ ជាពិសេសត្រូវប្រឹងប្រែងបង្រ្កាបនូវបទល្មើសព្រៃឈើ ក៏ដូចជា បទល្មើសជលផលនៅក្នុងខេត្តឲ្យមានប្រសិទ្ធភាព។

លោក ណៅ ធួក បានគូសបញ្ជាក់ថា បើទោះបីខណ្ឌរដ្ឋបាលទាំងពីរត្រូវបានដាក់បញ្ចូលក្រោមដំបូលមន្ទីរកសិកម្មយ៉ាងណាក្តី ក៏ការងារ មិនមានអ្វីប្រែប្រួលនោះឡើយ ពោលការប្រតិបត្តិការងារនៅតែត្រូវធ្វើទៅបន្ទាត់ច្បាប់ ដែលបានកំណត់ដដែល។

សូមបញ្ជាក់ថា ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលតាមបណ្តាខេត្ត ត្រូវបានដាក់ឲ្យរស់នៅដោយឯករាជ្យជាច្រើនឆ្នាំ មកហើយ ក្រោមហេតុផលថា វិសាលភាពការងារច្រើន ត្រូវដាក់នៅដាច់ដោយឡែកដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

លុះដល់ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចទាញយកខណ្ឌរដ្ឋបាលទាំងពីរចូលក្រោមដំបូលមន្ទីរសកិម្មវិញបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពិនិត្យឃើញថា ការប្រតិបត្តិការងាររវាងខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ជលផលជា មួយមន្ទីរកសិកម្ម ក៏ដូចជាមួយថ្នាក់ខេត្តតែម្តងមិនស៊ីសង្វាក់គ្នា។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចមិនអនុញ្ញាតឲ្យក្រសួងមួយមានក្បាលមួយ កន្ទុយរហូតដល់ទៅ ៣នោះឡើយ៕