(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា សំដីរបស់ជនពាល និងអង្គការបិសាចអន្តរជាតិ «Alice Harrison, Global Witness» គឺតែងតែញុះញង់ ប្រឌិតរឿងខុសការពិត ប្រឆាំងនឹងភាពក្សេមក្សាន្តរបស់កម្ពុជា ហើយក៏បានបង្ហាញការពិតនៃក្តីអស់សង្ឃឹម ភាពទាល់ច្រករបស់ខ្លួន ចំពោះភាពបរាជ័យនៃរបាយការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និងញុះញង់ ដែលតែងតែធ្វើក្នុងរយៈពេលកន្លងមកចំពោះកម្ពុជា។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បែបនេះ ធ្វើឡើងបន្ទាប់ពីអង្គការអន្តរជាតិ Global Witness ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បានប្រតិកម្មចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសំណូមពរឲ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស បិទទ្វារបណ្តេញកម្ពុជាចេញ។

លោក ផៃ ស៊ីផាន បានលើកយ៉ាងដូច្នេះថា៖ «កម្ពុជាទទួលបានការគោរព និងឃើញថា ជាខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន ASEAN ដែលមានកំណើន សេដ្ឋកិច្ចក្នុងរង្វង់ជាង៧ភាគរយ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ កម្ពុជាក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់។ ស្រទាប់កណ្តាលរបស់សង្គមកម្ពុជា បានរីកធំធាត់ប្រកបដោយផាសុខភាព ដែលជាមូលដ្ឋានគ្រឹះនៃថាមពលសេដ្ឋកិច្ច។ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងមោទនភាព និងសាទរស្វាគមន៍ចំពោះការបណ្តាក់ទុន របស់ពាណិជ្ជករអាមេរិកាំងនៅកម្ពុជា»

លោកបានបន្តទៀតថា៖ «ថ្មីៗនេះថ្នាក់ដឹកនាំកំពូលរបស់បណ្តាលប្រជាជាតិអាស៊ាន ASEAN បានប្រគល់ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិតដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដោយឡែកតែក្រុមប្រតិកិរិយាដែលប្រឆាំង និងប្រមាថ ដល់ភាពក្សេមក្សាន្ត និងជោគជ័យរបស់កម្ពុជា តែងតែជួបនឹង បរាជ័យជានិច្ចកាល ឧទាហរណ៍ដូចជាលោកសាស្ត្រាចារ្យ នៅអូស្ត្រាលី បានអំពាវនាវពីទីក្រុងហាណូយ វៀតណាម ឲ្យអាស៊ានបិទទ្វាបណ្តេញកម្ពុជាចេញ ពីសមាគមប្រជាជាតិអាស៊ាន ASEAN ចំពោះបរិបទឈូងសមុទ្រចិនខាងត្បូង ក៏ដូចគ្នានេះដែរ ចំពោះការលើកឡើងរបស់ Global Witness ចំពោះវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង Davos នេះ»។

«ការលើកឡើងរបស់ Global Witness ក៏បានបង្ហាញការពិត នៃការអស់សង្ឃឹម ដែលជាភាពទាល់ច្រករបស់ខ្លួនឆ្លើយតបទៅនឹងភាពបរាជ័យរបស់របាយ ការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និងញុះញង់ ដែលតែតែធ្វើក្នុងរយៈពេលកន្លងមក។ ជារួមគឺខ្មែរទទួលបានជោគជ័យ ដែលទទួលស្គាល់ដោយ អន្តរជាតិ ជាពិសេសគឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលកើតចេញពីប្រជារាស្ត្រខ្មែរ ដែលលោកទទួល បានការគោរព និងកោតសរសើរ ពីសំណាក់អន្តរជាតិចំពោះការ ដឹកនាំដ៏រស់រវើក និងចំទិសដៅ គឺសន្តិភាព ស្ថេរភាព និងវិបុលភាព។ ដូចនេះការលើកឡើងរបស់អង្គការប្រតិកិរិយា បិសាចអន្តរជាតិ គ្មានអ្វីក្រៅពីការប្រឆាំង និងភាពសុខក្សេមក្សាន្ត ព្រមជាមួយនិងជោគជ័យរបស់ខ្មែរតែប៉ុណ្ណោះ» នេះបើតាមសំដីរបស់លោក ផៃ ស៊ីផាន៕