(កំពត)៖ កម្លាំងកងរាជអាវុធហត្ថ នៃមន្ទីយុត្តិធម៌ខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត ដោយមាន​សម្របសម្រួលពី លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ​ចុះបង្ក្រាបគ្រឿងញៀនមួយកន្លែង ដោយឃាត់បានជនសង្ស័យ៣នាក់។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

​លោកមេបញ្ជាការរង ហែម ចាន់ដារ៉ា ខាងលើ បាន​ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនរួមមាន ទី១៖ឈ្មោះ ជួន សុភ័ក្រ អាយុ៣៣ឆ្នាំ​, ទី២៖ឈ្មោះ តែ ណុច  ​អាយុ៣៧ឆ្នាំ​ និងទី៣៖ ឈ្មោះ តាំង​ ជិនហូង អាយុ៣០ឆ្នាំ។ លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ដកហូតបាន ថ្នាំញៀន​៤កញ្ចប់, ថ្នាំWY ចំនួន​៧៥គ្រាប់,​ ទូរស័ព្ទដៃ​១គ្រឿង, កាមេរ៉ាសុវត្ថិភាព មួយសម្រាប់, កាំភ្លើងបាញ់ហ្គាស​១ដើម, កាំភ្លើងខ្យល់០១ដើម, កាំបិត០១ដើម និងឧបករណ៍ជក់​១សម្រាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕