(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវរថយន្តដឹកដីកិនចំពាក់កណ្តាលខ្លួន បណ្តាលអោយស្លាប់ភ្លាមៗ ខណៈជិះម៉ូតូដួល នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ មុខបុរីជ័យជម្នះ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោង៦៖២០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

បុរសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះជិះម៉ូតូ វីវ៉ា ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1S-5709។ បើតាមអ្នកឃើញហេតុការណ៍ បាននិយាយថា ជនរងគ្រោះម៉ូតូតែម្នាក់ឯង ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ មិនជាមានហេតុការណ៍អ្វើ ស្រាប់តែដួលខ្ទាតទៅកណ្តាលផ្លូវ ស្របមានរថយន្តដឹកដីមកពីក្រោយ ក៏កិនចំពាក់កណ្តាលខ្លួនបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកដីបានគេចខ្លួន ខណៈនគរបាលមូលដ្ឋានចុះទៅពិនិត្យ និងយករថយន្តម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរក្រុង ដើម្បីដោះស្រាយនៅពេលក្រោយ៕