(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរក្សាទុកឈ្មោះទាំង៣៧៨នាក់នោះ ក្នុងបញ្ជីបោះឆ្នោតដំបូងឲ្យនៅដដែល។ ក្រុមប្រឹក្សាជំនុំ​ជម្រះគ.ជ.ប បានបើកផ្លូវឲ្យគ្រប់ភាគី ដែលមិនពេញចិត្តនឹងសេចក្តីសម្រេចនេះ ប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួល​សម្រង់សេចក្តីសម្រេចក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប នៅថ្ងៃទី១៨ ខែមករានេះ។

ការប្រកាសសម្រេចរបស់ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើឡើងក្រោយពី គ.ជ.ប បានបើកសវនាការសាធារណៈ លើពាក្យបណ្តឹងចំនួន១៦ ដែលប្រជាពលរដ្ឋប្តឹង​ឱ្យលុបឈ្មោះពលរដ្ឋ៣៧៨នាក់ ក្នុងនោះរួមមានបណ្តឹងលេខ០៥៤ ០៥៥ ០៥៦ ០៥៦ ០៥៨ ០៥៩ ០៦០ ០៦១ ០៦២ ០៦៣ ០៦៤ ០៦៥ ០៦៦ ០៦៧ ០៦៨ និង០៦៩ នៅសាលសន្និសីទគ.ជ.ប នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ សវនការនេះធ្វើឡើង ក្រោមការដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងជាប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប អនុប្រធានគ.ជ.ប និងសមាជិក សមាជិកាគ.ជ.បជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ពាក្យបណ្តឹងទាំង១៦បណ្តឹង គឺសុទ្ធតែជាបណ្តឹងជំទាស់ សុំលុបឈ្មោះប្រជាពលរដ្ឋចំនួន៣៧៨នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។ បណ្តឹងទាំងនោះ រួមមាន​មកពីរាជធានី ១១បណ្តឹង ខេត្តត្បូងឃ្មុំ២បណ្តឹង ខេត្តកំពង់ស្ពឺ១បណ្តឹង ខេត្តប៉ៃលិន១បណ្តឹង និងខេត្តកណ្តាល១បណ្តឹង៕