(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នារសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ បាន​បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការ​គណបក្សសង្កាត់រលាប ដើម្បីត្រួតពិនិត្យការងារ និងពង្រឹងការងារ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការបក្សធំអូរចំបក់ ស្ថិតក្នុងភូមិអូរចំបក់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា អនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សសង្កាត់ក្រុង ថ្នាក់ដឹកនាំយុវជនតាមមន្ទីរអង្គភាព សមាជិក សមាជិកា គណបក្សភូមិជាង១,០០០នាក់។

កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងចម្បង៣រួមមាន ទី១៖ឆ្លង និងអនុម័តសេចក្ដីព្រាងខ្លឹមសាររបាយការណ៍បូកសរុប វាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយ របស់​គណបក្សសង្កាត់ ដើម្បីអភិវឌ្ឍន៍សង្កាត់ក្នុងរយៈពេល៥ឆ្នាំ២០១២-២០១៧, ទី២៖ឆ្លង និងអនុម័តសេចក្ដីព្រាងកម្មវិធីនយោបាយ របស់គណៈកម្មាធិការនៃ​គណបក្ស​សង្កាត់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងទី៣៖ធ្វើការបោះឆ្នោតស្ទៀបស្ទងមតិ ដើម្បីជ្រើសរើសសមាសភាព​បេក្ខជនក្រុម​ប្រឹក្សា​សង្កាត់ ត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ ក្នុងនោះបេក្ខជនឈរឈ្មោះមានចំនួន ២៧នាក់ ដោយជ្រើសរើស​តែ៩នាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថានេះ ជាលើកទី៧ហើយ ដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅ​អនុវត្តបន្ត ឆ្នាំ២០១៧-២០២២ លើសង្កាត់ចំនួន៧ នៃក្រុងពោធិ៍សាត់៕