(ព្រះសីហនុ)៖ បង្គាស្រស់ចំនួន ៣៩.២គីឡូក្រាម ដាក់តាំងលក់នៅក្នុងផ្សារលើ កណ្តាលក្រុងព្រះសីហនុ ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូតយកទៅ កម្ទេចចោល ដោយសារតែរថយន្តមន្ទីរពិសោធន៍ចល័តនៃអគ្គនាយកដ្ឋានកាំកុងត្រូល ពិនិត្យរកឃើញមានសារធាតុគីមី ។

លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះថា ដោយមានកិច្ចសហការ និងបទបញ្ជារបស់ អគ្គនាយកដ្ឋានកាំកុងត្រូល រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន និងមន្ត្រីសាខា កាំកុងត្រូលខេត្តព្រះសីហនុ មន្ត្រីមន្ទីរពាណិជ្ជកម្ម រួមនិងអាជ្ញាធរដែនដី បានប្រតិបត្តិការរួមគ្នាចុះពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់ក្នុងផ្សារលើរួមមាន៖ បន្លែត្រីសាច់ មាំ ជ្រក់ គ្រឿងសមុទ្រស្រស់ជាដើម។ ហើយក្នុងនោះ ក្រុមការងារបានពិនិត្យ រកឃើញសារធាតុគីមី ដាក់នៅក្នុងបង្គាស្រស់ចំនួន ៣តូប ក្នុងចំណោម ១១តូប មានទម្ងន់ ៣៩.២គីឡូក្រាម។ ហើយក៏បានធ្វើការ ដកហូតយកទៅធ្វើការកម្ទេចចោលផងដែរ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីឯបន្លែត្រីសាច់មួយចំនួនទៀត មិនមានសារធាតុគីមីនោះឡើយ។

អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដដែលរូបនោះបានបន្ថែមថា ចំពោះបងប្អូនអាជីវករដែលដាក់លក់បង្គារកឃើញមានសារធាតុគីមីនេះ ក្រុមការងារបានឲ្យធ្វើកិច្ចសន្យាឈប់លក់ម្ហូបអាហារមានសារធាតុគីមីបន្តទៀត ក្នុងករណីបើមិនរៀងចាលនឹងអនុវត្តទៅតាមផ្លូវច្បាប់។ ដោយសារតែច្បាប់របស់អគ្គនាយកដ្ឋានកាំកុងត្រូល មិនអនុញ្ញាតឲ្យបងប្អូន អាជីវករដាក់តាំងលក់នៅទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងម្ហូបអាហារណាមានដាក់សារធាតុគីមីឡើយ។

លោក ជា ប៉ិច បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និង មានការអនុញ្ញាតពីសំណាក់ លោក ម៉ាង ស៊ីណេត ប្រធានសាខា, លោកបានធ្វើការដឹកនាំមន្ត្រីចុះពិនិត្យរកសារធាតុគីមី ដែលអាជីវករលួចដាក់ក្នុងផលិតផលរបស់ខ្លួន ដើម្បីធ្វើការដកហូតយកទៅកម្ទេចចោល ហើយប្រតិបត្តិការនឹងធ្វើឡើងជាបន្តបន្ទាប់ឥតដកដៃឡើយ ហើយជាពិសេសថ្ងៃនេះ គឺជាថ្ងៃទី២ហើយ សំរាប់ខេត្តព្រះសីហនុ ដែលបានរកឃើញមានសារធាតុគីមី ក្នុងគ្រឿងសមុទ្រស្រស់ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត (MOBILE LAB) ដ៏ទំនើប។

ជុំវិញបញ្ហានេះបងប្អូនប្រជាពលរដ្ឋបានធ្វើការគាំទ្រ និងស្នើសុំឲ្យមានការត្រួតពិនិត្យលើម្ហូបអាហារ នំចំណីដែលបានដាក់តាំងលក់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យ បានញឹកញាប់ផងដែរ៕