(កំពត)៖ កម្លាំងអន្ដរាគមន៍ពិសេសខេត្តកំពត ក្រោមការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងសម្របសម្រួលពី លោក មុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយ ដោយចាប់បានជនសង្ស័យ៤នាក់ ដកហូតថ្នាំ១១កញ្ចប់។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិ​ចង្កៀងខាងលិច ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា កម្លាំងអន្ដរាគមន៍ពិសេស ឃាត់ជនសង្ស័យ៤នាក់ ក្នុងនោះមានទី១៖ឈ្មោះ យ៉ង់ មឿន អាយុ២៩ឆ្នាំ, ទី២៖ឈ្មោះ ផៃ សំណាង អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ សុង ដារីន អាយុ៣៥ឆ្នាំ និងទី៤៖ឈ្មោះ ភឹម វរៈ អាយុ២០ឆ្នាំ។

បើតាមលោកស្នងការ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ ដកហូតបានថ្នាំញៀន ប្រភេទម្សៅសថ្លា ១១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវ​បាន​បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕