(ភ្នំពេញ)៖ ក្រុមហ៊ុន Golden FX Link នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ​ASKAP ASSET MANAGEMENTដើម្បីបន្តជំរុញទីផ្សារហិរញ្ញវត្ថុ ស្របច្បាប់នៅកម្ពុជា។

ការចុះអនុស្សរណៈយោគយល់គ្នា​នេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពី សំណាក់លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ឆាយ លក្ខិណា អគ្គនាយិកាក្រុមហ៊ុន Golden FX Lin លោក រិទ្ធី សំណាង អគ្គនាយកក្រុមហ៊ុន ASKAP ASSET MANAGEMENT រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ការចុះអនុស្សរណៈនេះធ្វើឡើង ដើម្បីគូសបញ្ជាក់ពីសមិទ្ធិផលថ្មីមួយទៀត របស់ Golden FX Linkក្នុងការពង្រឹងនិងជំរុញឲ្យ កាន់តែខ្លាំងថែមទៀត នូវទីផ្សារហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានទទួលស្គាល់ F.U.G.I Gold ជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់ខ្លួន នាពេលកន្លងមក។ ដើម្បីការពារផលប្រយោជន៍ ព្រមទាំងជួយបង្កើនឱកាសវិនិយោគ និងផលចំណេញដល់អតិថិជន ដែលរួមចំណែកយ៉ាង សកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។  

លោកស្រី ងួន សុខា បានថ្លែងអប់អរសាទរចំពោះក្រុមហ៊ុម Golden FX Link និងលើកទឹកចិត្តឲ្យបន្ដខិតខំប្រឹងប្រែង ស្វែងរកដៃគូល្អឲ្យបានច្រើនថែមទៀត ក្នុងប្រទេសកម្ពុជា ក៏ដូចជាអន្ដរជាតិ ដែលមានបំណងដើរតួ ក្នុងឈ្មួញជើងសារឧបករណ៍និស្សន្ទ ដើម្បីឲ្យ​ឧស្សាហកម្មនេះកើនឡើង និងមានភាពរីកចំរើនរឹងមាំ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធិភាព និងភាពទុកចិត្តខ្ពស់ និងពង្រីកបណ្ដាញតភ្ជាប់ ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា ទៅកាន់ពិភពលោក ឲ្យបានទូលំទូលាយ។

លោកស្រីបន្ដថា «ខ្ញុំសូមណែនាំ និងលើកទឹកចិត្តក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន ASKAP ASSET MANAGEMEN ដើម្បីឲ្យក្រុម​ហ៊ុនមានលទ្ធិភាព បំពេញបាននូវលក្ខខណ្ឌនានា ដែលតម្រូវដោយច្បាប់ ដើម្បីស្នើសូមអាជ្ញាបណ្ណ ដំណើរការជាក្រុមហ៊ុន ឈ្មួញ​ជើងសារឧបករណ៍និស្សន្ទ ទនឹ្ទមនឹងនេះខ្ញុំសូមផ្ដាំផ្ញើ ដល់ក្រុមហ៊ុន ASKAP ASSET MANAGEMEN សូមឲ្យមានកិច្ចសហការ​ខ្ពស់ ជាមួយនិយ័តករ ដើម្បីអាចទទួលបាននៅអាជ្ញាបណ្ណ សមស្រប់នៅក្នុងពេលឆាប់ៗខាងមុខនេះ»។

Golden FX Link ផ្ដល់ការគាំទ្រទៅ​​ ASKAP ASSET MANAGEMENT ដូច F.U.G.I Gold ដែរ ដែលរួមមានដំណើរការ ក្នុងការស្នើសុំអាជ្ញាបណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា ឲ្យបានឆាប់រហ័សការថែទាំកម្ម វិធីជួញដូរដ៏គួរអោយទុកចិត្ត (MT4) យុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងប្រតិបត្តិការដ៏ស្ទាត់ជំនាញ ការចែករំលែកបទពិសោធន៍ និងជំនាញដ៏វាងវៃវគ្គបណ្ដុះបណ្ដាលល្អៗ ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធិភាព និងអត្ថប្រយោជន៍គួរអោយកត់សំគាល់ជាច្រើនទៀត។  

គួរបញ្ជាក់ថា Golden FX Link គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលទទួលស្គាល់ដោយច្បាប់ជាតិ និងទទួលបានអាជ្ញាបណ្ណពីរ គឺអាជ្ញាបណ្ណជាក្រុមហ៊ុន សមភាគីកណ្តាល និងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ (អាជ្ញាបណ្ណលេខ០០១) ពីគណៈកម្មការមូលបត្រកម្ពុជា៕