(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បណ្ឌិតសភានគរបាលកម្ពុជា មិនលើកលែង ឬអនុគ្រោះឡើយ ចំពោះសិស្សនាយនគរបាល ដែលមិនបានគោរពវិន័យ និងមិនបានបំពេញតួនាទីគ្រប់ លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ។លោកបានបន្តឲ្យដឹងថា បណ្ឌិតសភា ក៏បានលើកទឹកចិត្តចំពោះសិស្ស នាយកនគរបាលដែលប្រតិបត្តិបានល្អទាំងការសិក្សា និងវិន័យផងដែរ។

នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានលើកឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កម្រិតបឋម វិជ្ជាជីវៈ នគរបាល សម្រាប់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករងអត្តសញ្ញាណកម្ម និងជាតំណាងរបស់លោក ម៉ៅ ច័ន្ទតារា អគ្គនាយកអត្តសញ្ញាណកម្ម ព្រមទាំងប្រធាននាយកដ្ឋានរគបាល តំណាងនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសិស្សនាយនគរបាលជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍ សេង ផល្លី បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដោយផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ក្នុងបរិបទសកលភាវូបនីយកម្ម និងការសមាហរណកម្មកម្ពុជា ទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន។

បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ សេង ផល្លីបានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើសរើសមន្រ្តីនគរបាលបន្តវេន ព្រមទាំងបានផ្តល់ការគាំទ្រយ៉ាងពេញ ទំហឹង សម្ភារៈ និងហិរញ្ញាវត្ថុ ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាល និងលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈដលើមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។

អរគុណដល់គណៈគ្រប់គ្រង នាយកដ្ឋានបណ្តុះបណ្តាល និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំ និងចាត់ចែងឲ្យវគ្គបណ្តុះបណ្តាល នេះ បានដំណើរការល្អចាប់ពីពេលតទៅ និងសូមកោតសរសើរចំពោះសិស្សនាយកនគរបាលដែលបានប្រើប្រាស់សមត្ថភាពរបស់ខ្លួន ក្នុងការប្រជែងចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្តីនគរបាល និងសូមឲ្យទទួលបានជោគជ័យក្នុងការសិក្សា រយៈពេល៣ខែនេះ និងក្លាយជាមន្រ្តីនគរបាលបន្តវេន ប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋឲ្យបានទៅថ្ងៃអនាគត៕