(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃ​រដ្ឋសភា​កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Hirofumi Nakasome ប្រធានគណៈប្រតិភូសភាជប៉ុន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ខណៈចូលរួមកិច្ចប្រជុំប្រចាំ​ឆ្នាំ​លើកទី២៥ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក(APPF)នៅប្រទេសហ្វីជី។

នៅក្នុងជំនួបនោះ លោក Hirofumi Nakasome បានបញ្ជាក់ថា សភាជប៉ុនគំាទ្របេក្ខភាពសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ ជប៉ុនបានត្រៀមសហការ ជួយសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំប្រចំានេះឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ភាគីជប៉ុនបានស្នើដល់សភាកម្ពុជា កំណត់កាលបរិច្ឆេទ និងទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនោះ ឱ្យបានជាក់លាក់នៅក្នុងឆ្នាំ២០១៨។

ប្រធានគណៈប្រតិភូសភាជប៉ុន បានគូសបញ្ជាក់ថា សភាជប៉ុននឹងជួបពិភាក្សាបញ្ហានេះ ជាមួយប្រតិភូសភាកម្ពុជាម្តងទៀត នៅប្រទេសវៀតណាម ក្នុងអំឡុងពេល​កិច្ច​ប្រជុំ APPFឆ្នាំ២០១៨។

ជាការឆ្លើយតប លោក ឈាង វុន បានថ្លែងអំណរគុណដល់រដ្ឋសភារដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគំាទ្រកម្ពុជា ក្នុងការស្វែងរកសន្តិភាព នៅឆ្នាំ១៩៩១ ហើយមកទល់បច្ចុប្បន្ននេះប្រទេសជប៉ុន បានផ្តល់ជំនួយបច្ចេកទេស ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោសសម្អាតមីននៅកម្ពុជា និងវិស័យ​ជាច្រើនទៀត។ ជាមួយគ្នានេះ លោកក៏បានស្នើសុំឲ្យប្រធានប្រតិភូសភាជប៉ុន ជួយជំរុញអ្នកវិនិយោគទុនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀតផងដែរ។

ចំពោះការលើកឡើងរបស់ លោក ឈាង វុន ប្រធានគណៈប្រតិភូសភាជប៉ុន ពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នំារបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៩នោះ លោកនឹងរាយការណ៍ជូន សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅពេលគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ៕