(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក ពីបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ។ នេះបើយោងតាមលោក គី តិច មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

ក្នុងពាក្យបណ្តឹង លោក គី តិច បានគូសបញ្ជាក់ថា នៅក្នុងវេទិកាជាសាធារណៈនៅទីក្រុងប៉ារីស ប្រទេសរាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានថ្លែងថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»

លោក គី តិច បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ជាការអះអាបំផ្លើសធ្វើឲ្យប៉ះពាល់កិត្តិយសសម្តេចតេជោ ហ៊ុន សែន។ លោក គី តិច បញ្ជាក់ដូច្នេះ «អំពើដែលឈ្មោះ សម រង្ស៊ី បានប្រព្រឹត្ត គឺជាការអះអាងបំផ្លើស និងជាការទំលាក់កំហុសដោយអសុទ្ធចិត្ត ដោយបានចោទប្រកាន់មូលបង្កាច់ផ្ទុយពីការពិត ក្នុងចេតនាទុច្ចរិតបំភាន់សាធារណាមតិជាតិ និងអន្តរជាតិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយស និងកិត្តិស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន។ អំពើខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយបន្តក្នុងចំណោមសាធារណជនតាមបណ្តាញទំនាក់ទំនងសង្គម Facebook។ អំពើនេះ មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីកំណត់ជាបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិ នៃមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ»

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែមករាម្សិលមិញនេះ មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន ដដែលរូបនោះបានឲ្យដឹងថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកជាមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្តទឹកប្រាក់ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ខុសការពិត។

លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យខ្ញុំតាំងពីមុនថ្ងៃសម្តេចអញ្ជើញទៅប្រទេសស្វីសម្ល៉េះ, ឲ្យខ្ញុំសិក្សាលើករណីលោក សម រង្ស៊ី ចោទប្រកាន់សម្តេចនាយករដ្ឋមន្រ្តីសូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា, បន្ទាប់ពីខ្ញុំសិក្សារួចបានរកឃើញថា មានបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ និងមានភស្តុតាងគ្រប់គ្រាន់ ដូច្នេះតាមរយៈខ្ញុំជាមេធាវីមានសិទ្ធពេញលេញនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក»

សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។

លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាងដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»

សូមជំរាបថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នេះក៏ត្រូវបានកញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍ ផងដែរ ទាមទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក ហើយកញ្ញាបានដាក់ពាក្យបណ្តឹងនេះរួចហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ៕