(ភ្នំពេញ​)៖ លោក​ មាជ​ សុវណ្ណារ៉ា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បក្ខពួក​៤នាក់​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ បញ្ជូន​មក​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៧​ ដើម្បី​ជំនុំជម្រះ​។

មន្ត្រី​តុលាការ​កំពូល​ ថ្លែង​ថា​ កម្មវត្ថុ​សំខាន់​នៃ​សវនាការ​នេះ​គឺ​ក្រុម​ជនជាប់ចោទ​ទាំង​៥នាក់​ ប្តឹង​សុំ​ឲ្យ​តុលាការ​កំពូល​ បញ្ជូល​ឈ្មោះ​ពួកគេ​ដាក់​ចូល​ចំណោម​ជនជាប់ចោទ​៦នាក់​ផ្សេងទៀត​ ដែល​សុំ​មោឃភាព​នីតិវិធី​ដែល​តុលាការ​កាត់ទោស​ពួកគេ​ទាំង​គ្មាន​មេធាវី​។

បន្ទាប់ពីជំនុំជម្រះតុលាការ​កំពូល​ សម្រេចនឹងប្រកាសសាលដីកាលោក​ មាជ​ សុវណ្ណារ៉ា​ និង​បក្ខពួក​ នៅថ្ងៃទី២៥ ខែមករាខាងមុខនេះ។

សូមជំរាប​ថា​ លោក​ មាជ​ សុវណ្ណារ៉ា​ និង​ បក្ខពួក​ ជាប់​ចោទ​ពី​បទ​ «ដឹកនាំ​កុបកម្ម​ និង​ អំពើ​ចូលរួម​ចលនា​កុបកម្ម​»​ ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ កាលពី​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។​ កន្លង​ទៅ​លោក​ មាជ​ សុវណ្ណារ៉ា​ ធ្លាប់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​រយៈពេល​២០ឆ្នាំ​រួច​មក​ហើយ​ចំពោះ​បទល្មើស​នេះ​៕