(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ ​នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានលើកយកសំណុំរឿង សញ្ចារកម្ម ដែលមានជនជាប់ចោទពីរនាក់មីង និងក្មួយ ដែលមីងឈ្មោះ ងន់ សុខណា ហៅមុំ ​ជាថៅកែម៉ាស្សា ​កោសជុប យីហោ «ស្រីមុំ៧២» និងក្មួយប្រុសឈ្មោះ ធៀប ដារ៉ា អាយុ២០ឆ្នាំ​ ដើម្បីផ្តន្ទាទោសតាមកំណត់ច្បាប់ ហើយសម្រេចប្រកាសសាលក្រមនៅសប្ដាហ៍ក្រោយនេះ ពោលនៅថ្ងៃទី២៤ ខែមករា។

​លោកស្រី ថ្លាង ផាណែត ជាចៅក្រមជំនុំជម្រះ និងលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានដំណើរសវនាការ​នេះជាសាធារណៈ ពោលគឺចំពោះមុខជនជាប់ចោទ និង​មេធាវីការពារក្តី។

សវនាការនេះ បានសាកសួរដេញដោលលើជនជាប់ចោទទាំងពីរនាក់មីង និងក្មួយ ព្រមទាំងសាក្សី ហើយសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «សញ្ចារកម្ម» យោងតាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ​នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន រាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងម៉ាស្សា និងកោសជុប ដែលបម្រើ​សេវាកម្មបម្រើផ្លូវភេទ យីហោ «ស្រីមុំ៧២» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ពេលសមត្តកិច្ចបង្ក្រាប បានឃាត់ខ្លួនស្ត្រីឈ្មោះ ងន់ សុខណា ហៅមុំ និងឈ្មោះ ធៀប ដារ៉ា ពីរនាក់មីង និងក្មួយ ព្រមទាំងរំដោះនារីម៉ាស្សា កោសជុប ចំនួន១០នាក់៕