(បាត់ដំបង)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានរំលឹកដល់បុគ្គលិកពេទ្យ នៅតាមមណ្ឌលសុខភាពនានា ពិសេសនៅគ្រប់កន្លែងទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋទូទៅ ស្របតាមវិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ​។ ការរំលឹកបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ខណៈពេលលោករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងបុគ្គលិកពេទ្យចំនួន៦កន្លែង ក្នុងខេត្តបាត់ដំបង។

​លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអមដំណើរប្រតិភូអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអ្នកជំងឺមកសម្រាកព្យាបាល នៅមន្ទីរពេទ្យតាមស្រុក តាមមណ្ឌលសុខភាពឃុំនានា ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងបានធ្វើការណែនាំបន្ថែមពីរៀបរបបទុកដាក់ ប្រើប្រាស់ឱសថសម្ភារបរិក្ខាពេទ្យគ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកប្រធានបញ្ជាក់ថា ​ក្នុងការចុះសួរសុខទុក្ខនៅរសៀលនេះ គឺលោករដ្ឋមន្រ្តី បានចុះតាមគោលដៅចំនួន៦កន្លែងក្នុងមាន៖ ទី១៖ មន្ទីរពេទ្យស្រុកប្រតិបត្តិស្រុកមោងឫស្សី, ទី២៖ មណ្ឌលសុខភាពកកោះ, ទី៣៖ មណ្ឌលសុខភាពព្រៃតូច, ទី៤៖ សាលាមធ្យមសុខាភិបាលភូមិភាគបាត់ដំបង, ទី៥៖ មន្ទីរពេទ្យបង្អែកខេត្ត និងទី៦៖ នៅមន្ទីរសុខាភិបាលខេត្ត​។

​នៅក្នុងកិច្ចដំណើរចុះសួរសុខទុក្ខនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិក គ្រូពេទ្យ ជាពិសេសឆ្មប ដែលបានយកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាលជូនអ្នកជំងឺបានល្អ​។

ជាមួយនឹងការវាយតម្លៃខ្ពស់នេះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើគ្រូពេទ្យ ​និងថ្នាក់ដឹនាំស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តទាំងអស់ដូចជា ទី១៖ ត្រូវគោរព ​ប្រតិបត្តិឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងមានសាមគ្គីភាពផ្ទៃក្នុង, ទី២៖ ត្រូវយកចិត្តទុកដាក់ពិនិត្យអ្នកជំងឺ ឲ្យអស់ពីចិត្តពីថ្លើម, ទី៣៖ ត្រូវយកចិត្តទុកដាក់រៀនសូត្របង្កើនគុណវុឌ្ឍិ សមត្ថភាពវិជ្ជាជីវៈជាប់ជាប្រចាំ និងទី៤៖ ចូលរួមគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងកែលម្អអនាម័យ បរិស្ថាននៅតាមមូលដ្ឋានសុខាភិបាលបានល្អប្រសើរ៕