(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ថា គ្រឿងញៀន គឺជាបញ្ហាសកល ការដោះស្រាយបញ្ហាគ្រឿងញៀន គឺជាកាតព្វកិច្ចរួម និងទាមទារនូវកិច្ចសហប្រតិបត្តិការ ជាអន្ដរជាតិ​យ៉ាងជិតស្និទ្ធ និងតាមគ្រប់រូបភាព ក្នុងចំណោមប្រទេស ដែលមានការពាក់ព័ន្ធ ជាពិសេសប្រទេសក្នុងតំបន់។

ថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ បើកកិច្ចប្រជុំមន្ត្រីសម្របសម្រួល (Focal Point) ស្តីពីកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន រៀបចំឡើងនៅសណ្ឋាគារកាំបូឌីយាណា ដោយមានការចូលរួមពីមន្ត្រី មកពីមហាអនុតំបន់ទន្លេមេគង្គ។

លោក មាស វិវិទ្ធ បានថ្លែងថា «សម្រាប់ប្រទេសនៅ​ក្នុងមហាអនុតំបន់ទន្លេមេគង្គ គឺពិតជាមានសារៈសំខាន់សម្រាប់គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលបានគំរាមកំហែងដោយគ្រឿងញៀន»

លោកថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ភាពរឹងមាំនៃយន្ដការកិច្ច ​សហប្រតិបត្តិការទ្វេភាគី ពហុភាគី យន្ដការអនុតំបន់ បានជួយឲ្យយើងសម្រេចបាននូវ លទ្ធផលច្រើនគួរជាទីមោទនៈពាក់ព័ន្ធ នឹង​ការងារត្រួតពិនិត្យគ្រឿងញៀន ការផ្លាស់ប្ដូ និងចែករំលែកព័ត៌មានអំពីគ្រឿងញៀនឲ្យគ្នាទៅវិញទៅមក ការជួយគាំទ្រឲ្យគ្នា ទៅវិញ ទៅមកទាំងស្មារតីបច្ចេកទេស និងសម្ភារ លើការងារប្រមូលទិន្ន័យ ការវិភាគគ្រឿងញៀន ការអប់រំបង្ការ ការព្យាបាល និង​ស្ថារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកញៀនគ្រឿងញៀន។

អគ្គលេខាធិការរូបនេះ បានលើកឡើងទៀតថា ដើម្បីឆ្លើយតប និងដោះស្រាយបាននូវបញ្ហានានា ពាក់ព័ន្ធគ្រឿងញៀន គឺមានតែការរួមសហការគ្នាជាធ្លុងមួយ និងប្ដេជ្ញា ចិត្តខ្ពស់ក្នុងការតស៊ូប្រឆាំងទៅនឹង អង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន ដែលកិច្ចប្រជុំមន្ដ្រីសម្របសម្រួល (Foca Point) ស្ដីពីកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន របស់យើងនាពេលនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ប្រមួលផ្ដុំនូវ ​គំនិត វិធីសាស្រ្ដល្អៗក្នុងការតស៊ូប្រយុទ្ធប្រឆាំង គ្រឿងញៀនឲ្យបានទទួលជោគជ័យ៕